ស្របពេលទំហំពាណិជ្ជកម្ម ឬការនាំចេញទំនិញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារគោលដៅដៃគូរពាណិជ្ជកម្មធំៗមានការធ្លាក់ចុះនៅក្នុងរយៈពេល២ខែដើមឆ្នំា២០២៣ គេសង្កេតឃើញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងប្រទេសឥណ្ឌាមានការកើនឡើង៣៣%បើប្រៀបធៀបនិងពេលដូចគ្នានៅឆ្នំា២០២២។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្ហាញថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាមានទឹកប្រាក់ជាង៨៥ពាន់លានដុល្លារអាមរិក ពោលគឺមានការកើនឡើងជាង៣៣% ប្រៀបធៀបទៅនិងឆ្នាំ២០២២។
នៅក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល២ខែកន្លងមកនេះកម្ពុជានាំចេញទំនិញទៅប្រទេសឥណ្ឌាមានទឹកប្រាក់ជាង៥៤លានដុល្លារអាមេរិកកើនឡើងប្រមាណ១០៣% ខណៈការនាំចូលមានទឹកប្រាក់ជាង៣១លានដុល្លារអាមេរិក ពោលគឹមានការធ្លាក់ចុះជាង១៦% បើប្រៀបធៀបទៅនិងពេលដូចគ្នានៅឆ្នំា២០២២។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំាកម្ពុជាធ្លាប់មានប្រសាសន៍ថា «ផ្អែកទៅលើទំនាក់ទំនងនៃប្រទេសទាំងពីកម្ពុជាឥណ្ឌា នៅពេលកន្លងមកក៏ដូចនាពេលបច្ចុប្បន្ននេះឃើញថាទំនាក់ទំនង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មពិតជាមានភាពរីកលូតលាស់។ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២កន្លងទៅនេះមានប្រមាណ២៥០លានដុល្លារអាមេរិក»។
បើយោងតាមលោកស្រី Devyani Khobragade ថាសេដ្ឋកិច្ចកម្ពុជានិងឥណ្ឌាឃើញថាមានការកើនឡើងជាបន្តបន្ទាប់ ហើយក្រុមហ៊ុនឥណ្ឌាដែលបានចូលមករកស៊ីនៅកម្ពុជាមានប្រហែល៥០ក្រុមហ៊ុនដែលបានចុះបញ្ជីនៅស្ថានទូតប្រចំានៅកម្ពុជា ហើយប្រសិនបើមានការទំនាក់ទំនងផ្សារភ្ជាប់នៅការកសាងផ្លូវនោះនឹងធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរកាន់តែមានការកើនឡើងថែមទៀតនៅពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថាការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូរអន្តរជាតិនៅ២ខែដើមឆ្នំា២០២៣កន្លងទៅនេះទំហំពាណិជ្ជកម្មរវាងកម្ពុជាចិនមានទឹកប្រាក់សរុបជាង១៧០០លានដុល្លារអាមេរិកធ្លាក់ចុះជាង២១%,ទំហំពាណិជ្ជកម្មរវាងកម្ពុជា សហរដ្ឋអាមេរិកមានទឹកប្រាក់សរុប១.១៦៨លានដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះ១៥% បើប្រៀបធៀបនិងឆ្នំា២០២២។
នៅក្នុងទំហំពាណិជ្ជកម្មសរុបខាងលើនេះ សម្រាប់កម្ពុជានាំចេញទំនិញទៅប្រទេសចិន មានទឹកប្រាក់ជាង១៩៨លានដុល្លារអាមេរិកពោលធ្លាក់ចុះ៥%, កម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់១.១២៩លានដុល្លារអាមេរិក ធ្លាក់ចុះ២០%៕អត្ថបទ៖សារេត