នាថ្ងៃទី ១៣ មីនា នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang បានសន្យាថា នឹងផ្ដល់តម្លាភាពដល់វិស័យឯកជនឡើងវិញ ដោយអះអាងថា បរិយាកាសសម្រាប់អាជីវកម្មសហគ្រិន នឹងមានភាពប្រសើរឡើង ខណៈសិទ្ធស្មើគ្នានឹងត្រូវផ្តល់ទៅឱ្យក្រុមហ៊ុនទាំងអស់ដោយមិនគិតពីប្រភេទនៃកម្មសិទ្ធិ។
នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំ អតីតប្រធានគណបក្សក្រុងសៀងហៃ ត្រូវទទួលរងបន្ទុកស្ដារសេដ្ឋកិច្ចប្រទេសមហាអំណាចអាស៊ីឡើងវិញ បន្ទាប់ពីជួបវិបត្តិកូវីដ ១៩ រហូតដល់ ៣ឆ្នាំ ហើយការផ្ដល់តម្លាភាពដល់វិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការអូសទាញវិនិយោគិនបរទេស។ នេះបើតាមការចុះផ្សាយពី CNA។
លោក Li Qiang ក៏បានបង្ហើបទៀតថា ចិននឹងព្យាយាមគ្រប់វិធីសាស្ត្រក្នុងការបង្កើនឱកាសការងារគ្រប់កន្លែង និងស្នើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់រាប់អានមិត្តជាមួយសហគ្រិននានា ដើម្បីជួយដល់ការលើកកំពស់សេដ្ឋកិច្ចចិនឡើងវិញ។
គួររំលឹកដែរថា វិស័យឯកជននៅចិនកំពុងធ្លាក់ចុះជាខ្លាំង ដោយសារតម្រូវការនាំចេញមានទាប ស្របពេលចំណងមិត្តភាពជាមួយអាមេរិកកាន់តែយ៉ាប់យ៉ឺនផង បណ្ដាលឲ្យវិស័យឯកជននៅចិនកាន់តែធ្លាក់ដុនដាបមួយកម្រិតទៀត។
ហេតុផលនេះហើយ ទើបនាយករដ្ឋមន្ត្រីចិនអះអាងថា គោលដៅបង្កើនទំហំសេដ្ឋកិច្ចចិនឲ្យដល់ ៥% នាឆ្នាំនេះ គឺជារឿងលំបាក ដ្បិតពួកគេជួបប្រទះបញ្ហាជាច្រើន ដូច្នេះទើបបុរសមានឥទ្ធិពលបំផុតទី ២ អំពាវនាវឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ព្រួតដៃគ្នាធ្វើការកាន់តែខ្លាំង ដើម្បីសម្រេចគោលបំណងរួមមួយនេះ៕