ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបសំណេះសំណាលជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ វ៉្លាឌីមៀរ ពូទីន នាសប្ដាហ៍ក្រោយ ខណៈនេះគឺលឿនជាងការរំពឹងទុកកាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពី Reuters។
គម្រោងទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីចិនបានផ្ដួចផ្ដើមយោបល់ស្ដីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយសន្តិភាព ខណៈនេះក៏បានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់ចិន ក្នុងការឈឺឆ្អាលចំពោះវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកន្លងមកលោកខាងលិចតែងតែចង់បាន។
គួររំលឹកដែរថា កន្លងមកសារព័ត៌មានរុស្ស៊ី Tass ធ្លាប់ផ្សាយថា លោក ពូទីន ធ្លាប់អញ្ជើញប្រធានាធិបតី ស៊ី ឲ្យមកទស្សនកិច្ចនៅនិទាឃរដូវ ខណៈ Wall Street Journal រាយការណ៍កាលពីខែមុនថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅរុស្ស៊ី អាចកើតមាននៅខែមេសា ឬដើមខែឧសភាខាងមុខ៕