BYD ទាត់ចោលចចាមអារ៉ាម មានទំនាក់ទំនងល្អក់កករជាមួយ Tesla

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សនៅចិន BYD Co Ltd បានច្រាន​ចោល​ចចាមអារ៉ាមថា ក្រុមហ៊ុន Tesla Inc និងពួកគេមានទំនាក់ទំនងល្អក់កករ ជុំវិញការផ្គត់ផ្គង់​អាគុយរថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី The Korean Economic Daily បាន​ចុះផ្សាយកាលពីថ្ងៃអាទិត្យថា Tesla មិនបានទិញអាគុយរថយន្តបន្ថែមពី BYD សម្រាប់រថយន្តម៉ូដែល Tesla Model 3 ឡើយ បន្ទាប់ពីកុងត្រារវាងក្រុមហ៊ុនទាំង ២ ផុតសុពលភាពកាលពីដើមឆ្នាំនេះ។

យ៉ាងណា អ្នកតំណាងក្រុមហ៊ុនរថយន្តអគ្គិសនីលំដាប់ពិភពលោកទាំង ២ សុទ្ធតែបានអះអាងថា ព័ត៌មានខាងលើគឺជាការចុះផ្សាយរឿងប្រឌិត ខណៈក្រុមហ៊ុនទាំង ២ នៅតែបន្តការរកស៊ីជាមួយគ្នាដូចដើម។

“ការចុះផ្សាយរបស់សារព័ត៌មានមួយនោះ គឺជារឿងប្រឌិត ហើយទំនាក់ទំនងរវាង Tesla និង BYD គឺនៅតែមានភាពវិជ្ជមានដូចដើម”។ នេះបើតាមការសរសេររបស់លោក Elon Musk នៅលើបណ្ដាញសង្គម Twitter។

គួររំលឹកដែរថា អនុប្រធានក្រុមហ៊ុន BYD លោក Lian Yubo ធ្លាប់បង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CGTN កាលពីខែមិថុនាឆ្នាំទៅ ថា BYD កំពុងត្រៀមផ្គត់ផ្គង់អាគុយរថយន្តទៅកាន់ក្រុមហ៊ុន Tesla ក្នុងរយៈពេលឆាប់ៗ ប៉ុន្តែមកដល់ឥឡូវ ភាគីទាំងសងខាងមិនដែលរំលឹកពីកិច្ចព្រមព្រៀងនោះ​ទាល់តែសោះ៕