ឧកញ៉ា ចាន់ សុឃាំង បង្ហាញការយល់ឃើញ ពីការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ លើគម្រោងមច្ឆា និងអង្ករ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​​បាន​បង្ហាញ​ការ​យល់​ឃើញ​ជា​វិជ្ជមាន​ ចំពោះ​ការ​បង្កើត​ប៉ូល​សេដ្ឋកិច្ច​ទី​៤ លើ​គម្រោង​មច្ឆា និង​អង្ករ នៅ​ខេត្ត​ចំនួន​៤​គឺ ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមាន​ជ័យ និងខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាព្រឹកថ្ងៃទី១៤ ខែមីនានេះ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជានឹងមានប៉ូល​សេដ្ឋកិច្ចទី៤ ដែលមាន៤ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន»។ សម្តេចតេជោ ​​បាន​បញ្ជាក់​ថា គម្រោងប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច និងលោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ដោយសារខេត្តទាំង៤​នេះសម្បូរទៅ​ដោយ​ស្រូវ និងត្រី។

ចំពោះ​​គម្រោង​ខាង​លើ​នេះ លោក​ឧកញ៉ា ចាន់ សុឃាំង ​​​​បាន​ថ្លែង​ប្រាប់​ដល់​ឧកញ៉ា ញូស៍ ឱ្យ​ដឹង​ថា គម្រោងប៉ូល​សេដ្ឋកិច្ចទី៤ ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាស​បង្កើត​ឡើង​នេះ​ គឺជារឿងមួយល្អ ព្រោះជាយុទ្ធសាស្ត្រមួយ កាលណា​យើង​ដាក់​វា​ជា​តំបន់​មួយ​ច្បាស់​លាស់​​បែប​​នេះ នោះ​នឹង​ងាយស្រួល​ក្នុង​ការ​តម្រង់​គោលដៅ ហើយ​ណា​មួយ​ខេត្ត​ទាំង​៤​នេះ ជា​ខេត្ត​ដែល​មាន​សក្តានុពល​ផលិត​ស្រូវ​បាន​ច្រើន​ខ្លាំង។

គួរ​បញ្ជាក់​ថា បើតាមសម្តេចតេជោ ខេត្តទាំង៤នេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរ ដើម្បីចូលរួម​ជាមួយ​ទីផ្សារតំបន់ និងពិភពលោក។ យ៉ាង​ណា​មិញ នៅក្នុងវេទិកាជំរុញពាណិជ្ជកម្មវិនិយោគនិង​ទេសចរណ៍​កម្ពុជា-ចិន កាលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បានធ្វើ​ការណែនាំឲ្យវិនិយោគិនចិនចាប់យកឱកាសបណ្តាក់ទុននៅភូមិភាគពាយព្យប្រទេសកម្ពុជា ដែលនឹងត្រូវកំណត់​ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសដែលគ្របដណ្តប់ លើខេត្តចំនួន៤នេះផងដែរ៕