បន្ទាប់ពីចរចាគ្នាអស់រយៈពេល ១ឆ្នាំកន្លះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី សម្រេចបាននូវកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរខ្នាតយក្សមួយ ដែលមានឈ្មោះថា AUKUS។
យោងតាមការចុះផ្សាយពី ABC បានឲ្យដឹងថា កិច្ចព្រមព្រៀង AUKUS គឺចែកចេញជា ២ ដំណាក់កាលធំៗ ខណៈដំណាក់កាលទីមួយឲ្យឈ្មោះថា Pillar One ផ្ដោតសំខាន់លើការធ្វើការរួមគ្នារវាងប្រទេសទាំង ៣ ដោយអាមេរិក និងអង់គ្លេស នឹងចែករំលែកពីផែនការ ក៏ដូចជាបទពិសោធន៍ទៅកាន់អូស្ត្រាលី ក្នុងការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ។
ដំណាក់កាលទីពីរ នឹងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើការពង្រឹងបច្ចេកវិទ្យា លើប្រព័ន្ធការពារសុវត្ថិភាពរបស់អូស្ត្រាលី ជាមួយនឹងការជួយណែនាំពីអង់គ្លេស និងអាមេរិក។
បន្ថែមពីនោះ អូស្ត្រាលីក៏នឹងទទួលបាននាវាមុជទឹកចំនួន ៨ ពីកិច្ចព្រមព្រៀងមួយនេះ ដោយមានឈ្មោះថា SSN-AUKUS ខណៈនាវាទាំងនោះនឹងរចនាដោយអង់គ្លេស តែបំពាក់បច្ចេកវិទ្យាពីអាមេរិក។
អំឡុងពេលរង់ចាំនាវានៃកិច្ចព្រមព្រៀងនេះ អូស្ត្រាលីក៏អាចនឹងទទួលបានសិទ្ធទិញនាវាមុជទឹកនុយក្លេអ៊ែរពីអាមេរិកចំនួន ៣ និងអាចទិញថែម ២ ទៀតតាមរយៈកិច្ចព្រមព្រៀង AUKUS ដដែលក្នុងរយៈពេល ១០ឆ្នាំខាងមុខ ខណៈនាវាដែលអូស្ត្រាលីអាចទិញពីអាមេរិកគឺម៉ូដែល Virginia-Class។
ដូច្នេះមានន័យថា អូស្ត្រាលីអាចទទួលបាននាវាមុជទឹកនុយក្លេអ៊ែរចន្លោះពី ១១ ដល់ ១៣ គ្រឿង។
ក្រឡេកទៅមើលពីតម្លៃនៃកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយនេះវិញ គឺមានតម្លៃចន្លោះពី ២៦៨ ដល់ ៣៦៨ពាន់លានដុល្លារ សម្រាប់រយៈពេលច្រើនជាង ៣០ឆ្នាំខាងមុខ ហើយដើម្បីបង្ហាញពីការតាំងចិត្ត អូស្ត្រាលីនឹងចាក់លុយ ៣ ពាន់លានដុល្លារបន្ថែមរយៈពេល ៤ ឆ្នាំបន្ទាប់ ទៅលើការផលិតនៅអង់គ្លេស និងអាមេរិក។
រដ្ឋាភិបាលអូស្ត្រាលីបានឯកភាពថា តម្លៃនៃកិច្ចព្រមព្រៀងនេះគឺច្រើនមហាសាល ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា AUKUS គឺខុសពីកិច្ចព្រមព្រៀងការពារដទៃ ដែលបរាជ័យ ខាតទាំងពេល និងថវិកា ខណៈកិច្ចព្រមព្រៀងនាវានុយក្លេអ៊ែរនេះ នឹងបង្កើតជាផ្លែផ្កាយ៉ាងធំធេង។
ដោយឡែក សម្រាប់រយៈពេលនៃការផលិតវិញគឺចំណាយពេលយូរខ្លាំង ដ្បិតនាវា ៨ គ្រឿងដែលអូស្ត្រាលីនឹងទទួលបាន គឺនៅចន្លោះទសវត្ស ២០៥០ និង ២០៦០។
ផែនការផលិតនាវាមុជទឹកនុយក្លេអ៊ែរនៃកិច្ចព្រមព្រៀង AUKUS នឹងធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ខណៈការផលិតតំបូងអាចចាប់ផ្ដើមនៅដើមទសវត្ស ២០៤០ រហូតដល់ចុងទសវត្ស ២០៥០ ដើម្បីអាចបំពេញតម្រូវការបានគ្រប់គ្រាន់។
គួររំលឹកដែរថា អូស្ត្រាលីអះអាងយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងនាវាមុជនុយក្លេអ៊ែរមួយនេះ នឹងអាចបង្កើតឱកាសការងាររហូតដល់ ២០ ០០០ កន្លែង ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ៕