មេធំពន្ធដារ រកឃើញក្លឹបកម្សាន្តធំៗមួយចំនួនមិនទាន់ចុះបញ្ជីពន្ធដារនៅឡើយ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឱ្យម្ចាស់ក្លឹបកម្សាន្តធំៗដែលមិនបានមកចុះបញ្ជីពន្ធដារ សូមមកចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពសហគ្រាស ជៀសវាងរងការផាកពិន័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា វិធានការចុះអង្កេតសហគ្រាស បានរកឃើញ អាជីវកម្មជាច្រើនក្នុងនោះមានក្លឹបកំសាន្ដធំៗមួយចំនួនមិនបានចុះបញ្ជីពន្ធដារឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរ។

ក្នុងន័យនេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល រំលឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងនូវការផាកពិន័យទោសទណ្ឌនានា។

លោក គង់ វិបុល ធ្លាប់បានបញ្ជាក់ថា ការចុះអង្កេតដល់ទីតាំងសហគ្រាសទាំងអស់ ដែលកំពុងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបង់ពន្ធឱ្យស្មើភាពគ្នា ខណៈអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា កន្លែងអាជីវកម្មថ្មីៗមួយចំនួន កំពុងប្រកបរបរអាជីវកម្មដោយមិនទាន់បានចុះបញ្ជីពន្ធដារនោះទេ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា គោលបំណងនៃការចុះអង្កេតនេះ ក្រៅពីពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងពង្រឹងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត ក៏ដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារ ឱ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំងសហគ្រាសជាក់ស្តែង និងប្រមូលព័ត៌មានអំពីសហគ្រាសរួមមាន អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម និងព័ត៌មានផ្សេងៗ សម្រាប់គាំទ្រនិងចូលរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ បានប្រមាណ ៣ ៤៥៥,១១ លាន ដុល្លារអាមេរិក ស្មើនឹង ១២២,៥៤% នៃ ផែនការ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ទើបតែចាប់ផ្តើមងើបពីវិបត្តិនៃជំងឺ កូវីដ១៩ និងទទួលរងផលប៉ះពាល់នៃ ជម្លោះរវាង ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក៏ដោយ៕