ឧកញ៉ាចំនួន៣រូប បានទទួលការតែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា អាណត្តិទី២ ឆ្នាំ២០២៣-២០២៥។ នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
យោងសេចក្តីសម្រេចលេខ០១០/២៣ ស.រ.ស.អ.ដ.ក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា សម្រេចតែងតាំងបុគ្គលចំនួន៩រូប ជាទីប្រឹក្សាកិត្តិយស នៃសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា អាណត្តិទី២ ២០២៣-២០២៥ ក្នុងនោះមានឧកញ៉ាចំនួន ៣រូប ដែលមានដូចខាងក្រោម៖
១. ឧកញ៉ា ឃាង ពុទ្ធី ៖ ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Khompound និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ
២. ឧកញ៉ា ម៉ាន់ ច័ន្ទឌី ៖ អគ្គនាយកក្រុមហ៊ុន អាយ ឃ្យូ អាយ ខេមបូឌា
៣. ឧកញ៉ា ចេង ខេង ៖ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL
ក្រៅពីឧកញ៉ាចំនួន៣រូប ក៏មានលោក ឃន ជឺ លោក អ៊ិន មាន លោកគ្រូបណ្ឌិត អោម សេងបូរ៉ា លោក សោម សម្បត្តិ លោក យិន លាងគង់ និងលោកគ្រូ អួន សារ៉ាត់ ជាទីប្រឹក្សាកិត្តិយសសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អាណត្តិទី២ ផងដែរ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដឹកនាំដោយ ឧកញ៉ា ម៉ន សុខា ប្រធានសមាគម ព្រមទាំងក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាច្រើនទៀត បានប្រជុំពិភាក្សា និងប្រកាសតែងតាំងសមាជិកគណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការសមាគម ដើម្បីបន្តការអនុត្តក្នុងអាណត្តិទី២ ឆ្នាំ២០២៣-២០២៥ ក្នុងគោលបំណងដើម្បីជួយសម្របសម្រួលដល់អ្នកប្រកបអាជីវកម្ម និងអ្នកអភិវឌ្ឍន៍ដីឡូត៍ទាំងអស់ទទួលបានការយល់ដឹង និងជ្រាបច្បាស់អំពីផ្លូវច្បាប់ និងបទបញ្ញត្តិផ្សេងៗរបស់ព្រះរាជណាចក្រកម្ពុជា។
សូមជម្រាបជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានបង្កើតឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ខណៈដែលបច្ចុប្បន្នឧកញ៉ា ម៉ន សុខា បន្តជាប្រធាន និងមានអនុប្រធាន ក្រុមប្រឹក្សាភិបាល អគ្គលេខាធិការ ព្រមទាំងសមាជិកច្រើនរូបទៀត ប្រមូលផ្តុំដោយអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ៕