ខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” រៀបចំឡើងដោយ វិទ្យុមិត្តភាពកម្ពុជា ចិន នៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន ដោយមានកិច្ចសហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានធ្វើពិធីសម្ពោធការចាក់បញ្ចាំង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។
ភាពយន្តឯកសារនេះ មានចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយផ្តោតលើប្រជាជនទូទៅ នៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ស្របគ្នានឹងឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំ មិត្តភាពកម្ពុជា ចិន និងជាខួបគម្រប់១០ ឆ្នាំនៃការ ដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជា ចិន ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានថ្លែងបញ្ជាក់ដែរថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន មានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភាពយន្ត ”ស្នាមញញឹម កម្ពុជា ”លើកនេះបានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិន ក៏ដូច ជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ ជោគវាសនារួមកម្ពុជា ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ស្ដង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី ។
គួរបញ្ជាក់ថា ខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” គឺផ្តោតសំខាន់លើជីវភាព របស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាង ប្រទេសចិន និងកម្ពុជា និងរឿងរ៉ាវពិត និង រស់រវើកនៅក្នុងវិស័យ “ហេដ្ឋារចនាសម្ព័ន្ធ” “សេដ្ឋកិច្ច” និង”វប្បធម៌” និងបានកត់ត្រានូវសមទ្ធិផលនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នាចង់បានជីវភាពកាន់តែល្អប្រសើររបស់ប្រជាជនកម្ពុជា ៕