ស្ត្រីវ័យក្មេង ចម ក្រស្នា អញ្ជើញបើកបវេសនកាលថ្មី នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

អាជីវកម្ម

លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប (Soma Group) និងជាសមាជិក​ក្រុមប្រឹក្សាភិបាល​នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បាន​អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣ ដែលបាន​រៀបចំឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាល​ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនេះ លោកជំទាវ បានលើកឡើងពីមូលហេតុ ដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត​ត្រូវបានបង្កើតឡើង គឺដើម្បីចូលរួមបណ្ដុះបណ្ដាល និងបង្កើតធនធានមនុស្សផ្នែកសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ប្រកបដោយ​គុណភាព​ ដើម្បីរួមចំណែកជួយឱ្យសង្គមកម្ពុជាកាន់តែរីកចម្រើន។

លោកជំទាវ ក៏បានសង្កត់ធ្ងន់លើតម្លៃស្នូលទាំង៣ របស់សាកលវិទ្យាល័យ ដែលបានបញ្ជ្រាបក្នុងកម្មវិធីអប់រំ​របស់ខ្លួន ដែលមានដូចជាគោរពខ្លួនឯង គោរពអ្នកដទៃ និងអភិវឌ្ឍសង្គម ដើម្បីឱ្យនិស្សិតដែលបញ្ចប់ការ​សិក្សា​ពីសាកលវិទ្យាល័យទៅមិនត្រឹមតែមានចំណេះដឹង និងជំនាញនោះទេ ថែមទាំងមានសីលធម៌ និងគុណធម៌​ប្រកបដោយមេត្តា ករុណា ចេះគោរពគ្នាទៅវិញទៅមកដែលនាំឱ្យសង្គមមួយមានភាពសុខដុមរម្យនា។

សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​១០ នៃ​ក្រុមហ៊ុន​មេ សោម៉ា គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយផ្តោតលើការបណ្ដុះបណ្ដាល​ផ្នែកវិទ្យាសាស្រ្ត​សុខាភិបាល និង​បច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ហើយឆ្នាំសិក្សាថ្មីនេះ​សាកលវិទ្យាល័យ​មាន​និស្សិត​ថ្មីចំនួន ៥៥០ នាក់។

សូមបញ្ជាក់ថា លោកស្រី ចម ក្រស្នា ជាកូនស្រីលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក ស្រីជាកូនប្រសារសម្ដេច វិបុល​បញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០០៨ ជាមួយ​លោក សុខ សូកេន បច្ចុប្បន្ន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕