មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃដំឡូងមីក្នុងដើមឆ្នាំ២០២៣នេះ មានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ។នេះបើតាមពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ចុងក្រោយក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម។
លោកបន្តថា៖«តម្លៃដំឡូងមីក្នុងដើមឆ្នាំ២០២៣ ដំឡូងមីស្រស់ ចន្លោះពី ៣០០-៥០០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ ពោលតម្លៃនេះ គឺមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ«។
ពាក់ព័ន្ធនឹងដំណាំដំឡូងមីនេះដែរ លោក សួស សេរីសួស្តី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានជម្រាប់ពីលទ្ធផលការងាររបស់ខេត្តដែរថា កន្លងមក ខេត្តក្រចេះបានអនុវត្តគោលនយោបាយនេះ ៣ចំនុចសំខាន់រួមមាន៖ ១. ការចុះចងក្រងក្រុមផលិតដំឡូងមីបានចំនួន ៤០ក្រុម មានសមាជិក ២.៥២២គ្រួសារ ដើម្បីរួមសហការអនុវត្តខ្សែច្រវាក់ផលិតកម្មដំឡូងមី ឱ្យមានភាពល្អប្រសើរឡើង។ ២. បានផ្សព្វផ្សាយបច្ចេកទេសពីការទុកដាក់ពូជ ការប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ និងកាចុះត្រួតពិនិត្យកត្តាចង្រៃលើដំណាំពូជដំឡូងមីតាមរដូវ។ និងទី៣. បើកវគ្គផ្សព្វផ្សាយបច្ចេកទេសដំណាំដំឡូងមីបានចំនួន១៤វគ្គ និងបានសម្របសម្រួលចុះកិច្ចសន្យាទិញលក់ដំឡូងមី រវាងក្រុមកសិករផលិត និងឈ្មួញប្រមូលទិញបានចំនួន៣៤កិច្ចសន្យា។
គួរបញ្ជាក់ដែរថា តាមរយៈសិក្ខាសាលាខាងលើនេះដែរ ភាគីពាក់ព័ន្ធ ចាត់ទុកថា ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងបញ្ជ្រាបបន្ថែមដល់តួអង្គពាក់ព័ន្ធក្នុងវិស័យដំឡូងមីប៉ុណ្ណោះទេ តែថែមទាំងស្វែងយល់ពីកាលានុវត្តភាពទីផ្សារ និងសិក្សាពីបញ្ហាប្រឈមនានា សំដៅលើកស្ទួយវិស័យដំឡូងមីកម្ពុជាឱ្យមានសន្ទុះកាន់តែប្រសើរឡើង និងឈានទៅចាប់ការប្រកួតប្រជែងបន្ថែមទៀតនៅទីផ្សារក្រៅស្រុកថែមទៀត៕
អត្ថបទ៖ ពិសី