កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានធ្វើវិសោធនកម្មច្បាប់ថ្មីមួយ ដែលរដ្ឋាភិបាលអាចដកសញ្ជាតិប្រជាជនរុស្ស៊ី បើសិនជាពួកគេចេញមុខរិះគន់បញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
យោងតាមការចុះផ្សាយពី Reuters បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលឈានទៅដល់ការដកហូតសញ្ជាតិប្រជាជនក្នុងប្រទេស ដោយសារវាប្រៀបដូចជាការក្បត់ជាតិ និងធ្វើឱ្យខូចដល់ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែក ការវិសោធនកម្មថ្មីនេះ កំពុងត្រូវបានដាក់ស្នើទៅកាន់គណៈកម្មាធិការ ដើម្បីរង់ចាំការសម្រេច។
គួររំលឹកដែរថា តាំងពីមានការរំលាយសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ក៏មានការបង្កើតអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់ Commonwealth of Independent States ហៅកាត់ CIS ដែលប្រមូលផ្ដុំដោយរដ្ឋឯករាជ ធ្លាប់នៅក្នុងសហភាពសូវៀត។
យោងតាមរបាយការណ៍ចេញដោយក្រសួងកិច្ចការផ្ទៃក្នុងរុស្ស៊ីកាលពីឆ្នាំ ២០២២ បានបញ្ជាក់ថា ប្រជាជនច្រើនជាងពាក់កណ្ដាលនៅ CIS ប្រមាណ ៦៩១ ០០០ នាក់ ទទួលបានសញ្ជាតិរុស្ស៊ី។
សូមជម្រាបដែរថា វិមានក្រឹមឡាំងនិយាយថា ប្រជាជនរុស្ស៊ីភាគច្រើនគាំទ្រសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន ខណៈមនុស្សរាប់សែននាក់មានការមិនយល់ស្រប និងមានការភ័យខ្លាចចំពោះការភៀសខ្លួនចេញពីប្រទេស ហើយអ្នកដែលមានហានិភ័យខ្ពស់នឹងត្រូវជាប់គុក ប្រសិនបើគេចាត់ទុកថាបានធ្វើឲ្យខូចកិត្តិយសដល់កងទ័ព។
ការ “ធ្វើឱ្យខូចកិត្តិយស” កងទ័ព អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ខណៈការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា នឹងត្រូវកាត់ទោសឱ្យជាប់គុក ១៥ឆ្នាំ៕