ក្រោយចំនួនប្រជាជនធ្លាក់ចុះ ចិនរឹតបន្តឹងច្បាប់ថ្លៃបណ្ដាការ ដើម្បីបង្កើនអត្រាកំណើត

អន្តរជាតិ

ប្រទេសចិនជួបប្រទះបញ្ហាចំនួនប្រជាជនធ្លាក់ចុះមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្ស ហើយរដ្ឋាភិបាលព្យាយាមធ្វើគ្រប់វិធីសាស្ត្រ ក្នុងការបង្កើនអត្រាកំណើតឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងរឹតបន្តឹងថ្លៃបណ្ដាការកូនក្រមុំ កុំឲ្យក្រុមគ្រួសារខាង​កូនស្រីបង្គាប់ថ្លៃបណ្ដាការថ្លៃខ្លាំងពេក ស្របពេលគោលនយោបាយគ្រួសារមួយកូនមួយ (One Child Policy)ដែលទើបបញ្ចប់កាលពីឆ្នាំ ២០១៦ ក៏បានកាត់បន្ថយអត្រាកំណើតស្រាប់ ដូច្នេះប្រជាជនចិនចាំបាច់ត្រូវរៀបការ ដើម្បី​អត្រាកំណើតអាចមានកំណើនឡើងវិញ។ នេះបើតាមការចុះផ្សាយពី MSN។

ជាមួយនឹងការប្រកាសរឹតបន្តឹងវិធានការថ្មីនេះ ក៏ទទួលបានការគាំទ្រពីខាងស្ត្រីផងដែរ ពោលស្ត្រីនៅលីវ ៣០ នាក់នៅខេត្ត Jiangxi បានចុះហត្ថលេខាលើញត្តិ ប្រឆាំងនឹងការទារថ្លៃ​បណ្ដាការ​ថ្លៃជ្រុល។ នេះបើតាមការចុះផ្សាយពី The Papaer កាលពីថ្ងៃទី ០៨ កុម្ភៈ។

ដោយឡែក សារព័ត៌មាន Tencent News ក៏បានរាយការណ៍បន្ថែមថា ជាទូទៅថ្លៃបណ្ដាការ គឺជាការ​ទាមទារពីក្រុមគ្រួសារខាងកូនក្រមុំ និងអនុញ្ញាតិឲ្យគ្រួសារកូនកំលោះធ្វើការតថ្លៃ ប៉ុន្តែពេលខ្លះគ្រួសារកូនស្រីទារថ្លៃរហូតដល់រាប់ម៉ឹនដុល្លារ ខណៈ GDP ប្រជាជននៅចិន​មានជាង ៥ ០០០ ដុល្លារប៉ុណ្ណោះ។

យ៉ាងណា កាសែត SCMP បានចុះផ្សាយថា ដោយសារការលុបបំបាត់គោលនយោបាយ One Child Policy ទើបគ្រួសារមានជីវភាពធូរធារខ្លះ ចាប់ផ្ដើមទាមទារថ្លៃបណ្ដាការជ្រុល ដោយសារ​រដ្ឋាភិបាលអនុញ្ញាតិឲ្យគ្រួសារមួយ អាចមានកូនរហូតដល់ ៣ នាក់។

សូមជម្រាបដែរថា ដើម្បីបង្កើនអត្រាកំណើតឡើងវិញ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការ​លើកទឹកចិត្តប្រជាជនឲ្យរៀបការ ដូចជានៅទីក្រុង Hangzhou នឹងផ្ដល់ទឹកប្រាក់ជិត ៣ ០០០ ដុល្លារ សម្រាប់គ្រួសារដែលមានកូនទី ៣ និងនៅទីក្រុងខ្លះទៀត ចេញច្បាប់ឈប់សម្រាក​ដល់​បុគ្គលិក​រហូតដល់ ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃរៀបការថែមទៀត៕