កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi)រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម តាមរយៈប្រព័ន្ធវីដេអូ។
ពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ពិតជាគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។
ក្នុងនោះ ទំនិញកសិកម្មនិងឧស្សាហកម្មសក្តានុពលដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ជាដើម។
រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។
គួររម្លឹកថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈ យោងនៃការបង្កើត កិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ហើយបានប្រកាស បើក ការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។ បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០ ២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសមិទ្ធផលជា ផ្លែផ្កាគួរជាទីមោទនៈ។
គួរបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពន្លឿន នីតិវិធីបន្តដើម្បីអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទ សមស្របនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ស៊ីណាត