អគ្គនាយកក្រុមហ៊ុនណាវីតា បើកសម្ពោធដំណើរការរោងចក្រថ្មី ក្រោមអធិបតីភាពឧកញ៉ា ភួ វាសនា

ជុំវិញ​ឧកញ៉ា

លោក អ៊ុយ ចេងហេង អគ្គនាយកក្រុមហ៊ុន ណាវីតា ហ៊ែលស៊ី ហ្វ៊ូដ & បេវើរីច ឯ.ក ​​បាន​ប្រារព្វពិធី​​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​រោងចក្រ​ថ្មី ​​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​​ក្រោម​អធិបតីភាព​លោកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​​ខេត្តបាត់ដំបង ​​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធរោងចក្រថ្មី នៃ​សហគ្រាស​កែច្នៃ​ម្ហូប​អាហារ និងភេសជ្ជៈ​​​នេះ មាន​ការ​ចូល​រួម​​​ពី​អាជ្ញាធរ​ដែនដី ​​​រួម​ទាំង​វត្តមាន​លោកជំទាវ​​ឧកញ៉ា កែវ មុំ ប្រធានសមាគម​ស្ត្រីកម្ពុជា ​​ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។ លោក អ៊ុយ ចេងហេង ស្ថាបនិក​ក្រុមហ៊ុន ណាវីតា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វិស្វកម្ម​ឧស្សាហកម្ម មកពីសាកលវិទ្យាល័យ Mahidol University ប្រទេសថៃ ​ធ្លាប់​បាន​លើក​ឡើង​ថា ​​ត្រឹម​រយៈពេល​មិន​ដល់​ ២​ឆ្នាំ ​ក្រុមហ៊ុន ណាវីតា ​​ទទួល​បាន​ការ​​គាំទ្រ​ និង​ការ​ទទួល​ស្គាល់​​​ពី​ស្ថាប័នរដ្ឋ និង​ឯកជន​យ៉ាង​លឿន ក្នុង​វិស័យ​កសិឧស្សាហកម្ម។ ជាក់ស្តែង ​​កាល​ចុង​ឆ្នាំ​២០២១ ​​ណាវីតា ​​បាន​ឈ្នះ​ពាន​រង្វាន់ «ឧស្សាហកម្ម​បៃតង» ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នៅ​ឆ្នាំ២០២២ ​​ក្រុមហ៊ុន​បន្ត​ទទួល​បាន​ពាន​រង្វាន់​មាស​ឧស្សាហកម្ម​បៃតង ខណៈ​ដែលម្ចាស់​ក្រុមហ៊ុន​ ​លោក អ៊ុយ ចេងហេង ​​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ថ្នាក់​ជាតិ​ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់​ភូមិភាគ​ពាយព្យ ខេត្តបាត់ដំបង។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ណាវីតា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២០ ដែលជាសហគ្រាសផលិត​តំណាប់​ផ្លែឈើស្ងួត និង​ភេសជ្ជៈជាច្រើនប្រភេទ។ បន្ទាប់មក ​នៅ​ឆ្នាំ២០២១ ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម ​​ដោយ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​​ទៅ​ជា ណាវីតា ហ៊ែលស៊ីហ្វូដ & បេវើរីច ឯ.ក (Navita Healthy Food & Beverages CO.,LTD)។ បច្ចុប្បន្ន​ផលិត​ផល​របស់​ក្រុមហ៊ុន​ ណាវីតា កំពុង​មាន​វត្តមាន​នៅ​តាម​​ផ្សារ​​មួយ​ចំនួន ក្នុង​រាជធានីភ្នំពេញ ម៉ាត ​និង​ផ្សារ​នៅ​តាម​បណ្តាខេត្ត​ផ្សេងៗ​។ បើ​តាម​លោក អ៊ុយ ចេងហេង បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ក៏​មានគម្រោង​​ដាក់​ផលិតផល​​​ខ្លួន​នៅ​តាម​ផ្សារទំនើបធំៗដូចជា អ៊ីអន ម៉ាក្រូ ឡាក់គី និង​ជីប ម៉ុង ក្នុង​ពេល​ឆាប់ៗ ដើម្បី​ពង្រីក​ទីផ្សារ​ចែកចាយ​ឱ្យ​បាន​ទូទាំង​ប្រទេស៕