បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើង ក្រោយលោក ម៉ាក្រុង ធ្វើកំណែសោធននិវត្តន៍ មិនពិភាក្សាជាមួយរដ្ឋសភា

អន្តរជាតិ

កាលពី ២ថ្ងៃមុន រដ្ឋាភិបាលបារាំងបានប្រកាសថា នឹងធ្វើកំណែទម្រង់កែប្រែច្បាប់ចូលនិវត្តពី​អាយុ ៦២ ដល់ ៦៤ឆ្នាំ ដោយមិនរង់ចាំការសម្រេចពីរដ្ឋសភាឡើយ ដ្បិតពួកគេដឹងច្បាស់ថា នឹងមិនទទួលបានការគាំទ្រពីសមាជិករដ្ឋសភា សម្រាប់ការអនុម័តច្បាប់ថ្មីនេះ។ នេះបើតាមការចុះផ្សាយពី BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រី​ Elisabeth Borne ត្រូវទទួលបានការរិះគន់ បន្ទាប់ពីលោកស្រីប្រើប្រាស់ច្បាប់រដ្ឋ​ធម្មនុញ្ញ មាត្រា ៤៩:៣ ដែលអនុញ្ញាតិឲ្យរដ្ឋាភិបាលធ្វើការសម្រេចលើអ្វីមួយ ដោយមិនចាំបាច់​រង់ចាំការបោះឆ្នោតពីសមាជិករដ្ឋសភា។

យ៉ាងណា បន្ទាប់ពីដំណឹងមួយនេះបានចែកចាយជាសាធារណៈ ក្រុមប្រជាជនបានចេញ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតីបារាំង Emmanuel Macron នៅពាសពេញទីក្រុងនៃប្រទេសបារាំង។

បាតុកម្មទ្រង់ទ្រាយធំត្រូវបានគេដឹងថា ​ធ្វើឡើងនៅទីក្រុងប៉ារីស និងនៅទីក្រុងសំខាន់ៗមួយចំនួនដូចជា ទីក្រុង Bordeaux, Toulon និង Strasbourg ដែលបង្កជា​អំពើហិង្សា​រវាងប្រជាជន និងក្រុមប៉ូលិស ហើយយោងតាមរបាយការណ៍ចុងក្រោយបំផុត ក្រុមប៉ូលិស​បាន​ឃាត់ខ្លួន​ប្រជាជន​ជាង ៧០ នាក់ ដែល​បានចូលរួមបាតុកម្មមួយនេះ។

គួររំលឹកដែរថា កន្លងមកប្រធានាធិបតី ម៉ាក្រុង ធ្លាប់បង្ហើបជាញយដងអំពីការចង់ធ្វើ​កំណែទម្រង់​ច្បាប់កំណត់អាយុចូលនិវត្តន៍ ប៉ុន្តែដោយសារ​សមាជិកបក្ស​របស់លោក​មិនសូវមាន​ឥទ្ធិពល​នៅ​ក្នុង​រដ្ឋសភា លោកក៏មិនអាចធ្វើអ្វីបាន។

​រដ្ឋាភិបាលបានអះអាងថា ការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ឆ្នាំ គឺមានសារៈសំខាន់ ក្នុងការរក្សាប្រព័ន្ធ “ចែករំលែក” ដែលបារាំងតែងតែធ្វើ ដ្បិត​មូលនិធិសម្រាប់​ប្រគល់ជូន​ប្រជាជន​ចូលនិវត្តន៍ គឺ​បានមកតែពី​ការបង់ពន្ធ​របស់​បុគ្គលិក​ប៉ុណ្ណោះ។

បន្ថែមពីនោះ ប្រធានាធិបតីបារាំងក៏សង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺគ្រាន់តែបង្ហាញ​ឲ្យឃើញថា បារាំង​ព្យាយាមសម្របខ្លួន ទៅនឹងលទ្ធិប្រជាធិបតេយ្យដូចនឹង​បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដែល​កំណត់អាយុចូលនិវត្តន៍​លើសពី ៦៤ឆ្នាំឯណោះ។

យ៉ាងណា ហេតុផលដែលប្រធានាធិបតីបារាំងលើកឡើង មិនសូវទទួលបានការគាំទ្រពី​ប្រជាជន​ឡើយ ពោលតែងតែទទួលបាន​ការ​ប្រឆាំង​ដែលមាន​រហូតដល់ ៧០% ឯណោះ។

សម្រាប់មតិប្រជាជនវិញ មិនត្រឹមតែមិនគាំទ្រជាមួយនឹងការកំណត់អាយុចូលនិវត្តន៍ថ្មីឡើយ ពោលពួកគេបែរជាចង់ឲ្យរដ្ឋាភិបាល បន្ថយវាមកនៅត្រឹម ៦០ឆ្នាំ ដូចកាលពីឆ្នាំ ២០១០វិញ៕