សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះវីដេអូនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពន្យល់ឆ្លើយតបទៅកាន់ហ្វេសប៊ុក The Cambodia Daily Khmer ដែលចោទប្រកាន់មកលើ ឯកឧត្តម ហ៊ុន ម៉ាណែត ថា ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់។
ក្នុងសំណេរខ្លី អមដោយវីដេអូឯកឧត្តម ហ៊ុន ម៉ាណែត នារសៀលថ្ងៃចន្ទ ទី២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា «ស្ដាប់ ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹង The Cambodia Daily Khmer ដែលចោទ ម៉ាណែត ថា ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់។ បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាង បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់»។
នៅក្នុងបណ្តាញសង្គមតេឡេក្រាម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ឆ្លើយតបយ៉ាងដូច្នេះថា វាមិនមែនជារឿងចម្លែកទេដែលសារព័ត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។ ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។
សូមស្តាប់ការពន្យល់ឆ្លើយតបរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ The Cambodia daily Khmer: