រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីនាពាក់កណ្ដាលថ្ងៃច័ន្ទ និងគ្រោងជួបជាមួយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងជំនួបមិនផ្លូវការមួយទល់នឹងមួយ និងទទួលទានអាហារពេលល្ងាចជាមួយគ្នា។
ការជួបគ្នាភ្លាមៗរវាងមេដឹកនាំមហាអំណាចទាំង ២ ហាក់បង្ហាញពីចំណងមិត្តភាពដែកថែបរវាងចិន និងរុស្ស៊ី បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីការចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីជុំវិញឧក្រិដ្ឋកម្មសង្គ្រាមកាលពីថ្ងៃសុក្រ។
យោងតាមការចុះផ្សាយពី Theguardian បានឲ្យដឹងថា ជំនួបផ្លូវការរវាងមេដឹកនាំទាំង ២ នឹងចាប់ផ្ដើមនាថ្ងៃអង្គារ ខណៈលោក ស៊ី អះអាងថា នឹងដើរតួជាអ្នកបង្កើតសន្តិភាព និងមិនលះបង់ជំហរជា “មិត្តល្អ” ជាមួយលោកពូទីនឡើយ។
សូមជម្រាបដែរថា មេដឹកនាំចិនបាននិយាយថា សំណើរបស់ប្រទេសចិន ១២ ចំណុច ដែលបានចេញផ្សាយកាលពីខែមុន ភាគច្រើនត្រូវបានច្រានចោលដោយលោកខាងលិច និងឆ្លុះបញ្ចាំងពីទស្សនៈពិភពលោក ដែលពិបាកក្នុងការស្វែងរកការផ្សះផ្សារដ៏ប្រសើរ តែទោះយ៉ាងណា លោកទទួលស្គាល់ថា ដំណោះស្រាយនេះមិនងាយស្រួលទេ។
“សំណើខាងលើ មានតួនាទីជាកត្តាសម្របសម្រួល ក្នុងការផ្សះផ្សារវិបត្តិដែលកើតមាន និងជាដំណោះស្រាយវិបត្តិនយោបាយ ប៉ុន្តែបញ្ហាចាក់ស្មុគបែបនេះ មិនអាចមានដំណោះស្រាយងាយៗឡើយ”។ នេះបើតាមការនិយាយពីប្រធានាធិបតីចិននាពេលកន្លងមក៕