នាថ្ងៃទី ២០ មីនា ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២។
បន្ទាប់ពីធ្វើកិច្ចប្រពិភាក្សាកម្រិតគណៈប្រតិភូជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Modi បានថ្លែងប្រាប់ទៅកាន់សន្និសិទសារព័ត៌មានថា លោកបានឃើញពីភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី Kishida ចំពោះទំនាក់ទំនងទ្វេភាគី ហើយនោះគឺជាហេតុផល ដែលដំណើរទស្សនកិច្ចនេះនឹងមានប្រយោជន៍ខ្លាំងណាស់ ក្នុងការរក្សាសន្ទុះនៃទំនាក់ទំនងរវាងប្រទេសទាំង ២។
លោកបានបន្ថែមទៀតថា ក្នុងកិច្ចប្រជុំនោះក៏បានផ្លាស់ប្ដូរការយល់ឃើញទៅលើវិស័យការពារជាតិ និងសន្តិសុខ បច្ចេកវិទ្យា ពាណិជ្ជកម្ម សុខភាព និងកិច្ចសហប្រតិបត្តិការឌីជីថល ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបដែលមានស្ថេរភាព និងអាចទុកចិត្តបាន ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត។
“ភាពជាដៃគូយុទ្ធសាស្ត្រពិសេសទ្វេភាគីឥណ្ឌា-ជប៉ុន គឺផ្អែកលើនីតិរដ្ឋ ហើយវាមានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការពង្រឹងវា ហើយវានឹងជួយជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា។
បន្ថែមពីនោះ លោក Modi បានបញ្ជាក់ថែមទៀតថា លោកបានទទួលការអញ្ជើញពីលោក Kishida ក្នុងការចូលរួមកិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែឧសភា ឆ្នាំនេះ។
សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្នុងនាមជាប្រធានកិច្ចប្រជុំ G20 និង G7 ប្រទេសជប៉ុន និងឥណ្ឌា នឹងចាប់ដៃ ធ្វើការជាមួយគ្នា ដើម្បីទទួលបានជោគជ័យក្នុងកិច្ចប្រជុំកំពូលទាំង ២ នេះ៕