អតីតប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ៧៤ឆ្នាំ ពោលចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ ១៩៤៩។
យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា លោក Ma សមាជិកជាន់ខ្ពស់បក្សប្រឆាំង Kuomintang (KMT) នឹងមានវត្តមាននៅប្រទេសចិនចន្លោះថ្ងៃទី ២៧ មីនា រហូតដល់ថ្ងៃទី ០៧ មេសា។
អតីតមេដឹកនាំតៃវ៉ាន់រូបនេះ នឹងទៅគោរពវិញ្ញានក្ខន្ធបុព្វបុរសរបស់ខ្លួននៅភាគនិរតីនៃខេត្ត Hunan និងដឹកនាំគណៈប្រតិភូនិស្សិតតៃវ៉ាន់ ដើម្បីធ្វើអន្តរកម្មជាមួយសមភាគី មកពីប្រទេសចិនដីគោកនៅក្នុងទីក្រុងមួយចំនួន។
គួររំលឹកដែរថា លោក Ma ធ្លាប់កាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ ដល់ ២០១៦ ហើយអំឡុងពេលនោះ ចំណងសេដ្ឋកិច្ចរវាងតៃវ៉ាន់ និងចិនមានភាពលេចធ្លោរខ្លាំង ប៉ុន្តែតៃវ៉ាន់តែងតែច្រានចោលនូវសំណើបង្រួបបង្រួមប្រទេស។
ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចមួយនេះទៀតសោត ធ្វើឡើងចំពេលនយោបាយតៃវ៉ាន់កំពុងមានភាពវឹកវរ ពោលប្រធានាធិបតី Tsai Ing-wen នឹងឈាងចូលអាមេរិក អំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់សម្ព័ន្ធមិត្តការទូតនៅអាមេរិកឡាទីន។
វាហាក់ដូចជាបង្ហាញថា លោក Ma កំពុងងាកទៅពឹងកម្លាំងចិន មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាខែមករាឆ្នាំក្រោយ ខណៈអ្នកស្រី Ing-wen នឹងមិនអាចឈរឈ្មោះជាបេក្ខភាពម្ដងទៀតឡើយ ដ្បិតប្រធានាធិបតីតៃវ៉ាន់ក៏មានទំនាក់ទំនងមិនល្អជាមួយចិន ក្រោយងាកទៅចងសម្ព័ន្ធមិត្តជាមួយលោកខាងលិច៕