បណ្ឌិត ឈត ប៊ុនថង៖ ការកើនឡើងចំនួនឧកញ៉ា អាចជារឿងល្អផង និងមិនល្អផង

ជុំវិញ​ឧកញ៉ា

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជា យល់ឃើញ​ថា ការកើនឡើងចំនួនឧកញ៉ា និង​អ្នកឧកញ៉ា​ ដល់ទៅ​ប្រមាណ​​ជាង​១ពាន់​នាក់​នៅកម្ពុជា​ នា​ពេល​បច្ចុប្បន្ន​​នេះ​ អាចជារឿងល្អផង និងអាច​មិនល្អផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត ឈត ប៊ុនថង បាន​លើកឡើង​ថា ចំណុចល្អ យើងដឹងហើយថា អ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់​បាន​រួម​ចំណែក​ជួយ​ស្ថាបនា​ជាតិ​​តាម​រយៈ​ការ​បរិច្ចាគ​​​ថវិកា​ផ្ទាល់​ខ្លួន។ ទី២ បង្ហាញ​ថា​អ្នកមាន​នៅ​ស្រុកខ្មែរ​យើង ​មាន​ចំនួន​ច្រើន ព្រោះ​លុយ​ដែល​បាន​បរិច្ចាគ​សម្រាប់ងារ​ជា​ឧកញ៉ា ឬ​អ្នកឧកញ៉ា មិនមែន​តិច​នោះ​ទេ។ ចំណុច​មួយ​ទៀត អ្នកខ្លះ​មាន​ដែរ ប៉ុន្តែ​ពួកគេ​​មិន​យក​ងារ​​​​នេះ​ទេ ដែល​នេះ​បង្ហាញ​ថា អ្នកមាន​ដែល​ព្រម​បរិច្ចាគ​ មានន័យ​ថា ពួកគាត់​មាន​សទ្ធា ចង់​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ជាតិ។ លោកបណ្ឌិត បាន​បន្ត​ថា ដូច្នេះ​ផ្នែកវិជ្ជមាន យើង​អាច​ទាញ​បាន​ច្រើន ព្រោះ​ជា​ធម្មតា កាល​ណា​បាន​ងារ​ជា​ឧកញ៉ា​ហើយ ក្រៅ​តែ​ពី​ការ​បរិច្ចាគ​​​ថវិកា​ ដើម្បី​បាន​ងារ​ហើយ ក៏​នៅ​មាន​ការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ទៀត នៅ​ពេល​ដែល​មានការ​អំពាវនាវ​ពី​រាជរដ្ឋាភិបាល ដូចជា​ករណី​កូវីដ-១៩ ឬ​មាន​ករណី​ទឹកជំនន់​ជា​ដើម។ នេះ​មានន័យ​ថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធ​តែ​ជា​អ្នក​ព្រម​បរិច្ចាគ​ ព្រម​លះបង់​​នូវ​ធនធាន និង​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ជួយ​ដល់​សង្គម​ជាតិ។

ផ្ទុយ​ទៅ​វិញ លោក​បណ្ឌិត​​យល់​ថា ចំណុច​អាច​ជា​រឿង​មិន​ល្អគឺ ធម្មតា​កាល​ណា​ចំនួន​កាន់តែ​ច្រើន ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​មួយ​​ច្បាស់លាស់។ បើ​គ្រប់គ្រង​មិន​ច្បាស់លាស់​ទេ អាច​មាន​បុគ្គល​ខ្លះ​យក​ងារ​ឧកញ៉ា​ទៅ​ប្រើប្រាស់​ផ្តេសផ្តាស ​អាច​ខូច​​​កេរ្តិ៍​ឈ្មោះ​ដល់​ឧកញ៉ា​ដទៃ​ទៀត ហើយ​វា​ជះ​ឥទ្ធិពល​ទៀត កាលណា​ពួកគាត់​យក​ងារ​ឧកញ៉ា​ទៅ​ប្រើ​នៅ​កន្លែង​ណា ​​ដែល​ធ្វើ​អ្វី​មួយ​មិន​ល្អ។ ឧទាហរណ៍ ទាក់ទង​ការ​រំលោភ​ដី​ធ្លី ព្រៃឈើ ឬ​ការ​ប្រព្រឹត្ត​រឿង​ផ្ទាល់ខ្លួន​ដូចជា រឿង​ស្រី ឬ​រឿង​ហិង្សា​ក្នុង​គ្រួសារ ក៏​ជះ​ឥទ្ធិពល​មក​ដល់​ក្រុម​ឧកញ៉ា​ទាំង​អស់​ដែរ។ បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ឧកញ៉ា​ទេ ឧកញ៉ា​មួយ​ចំនួន​តូច អាច​នឹង​នាំ​ឱ្យ​ខូច​ឈ្មោះ​​ដល់​​ឧកញ៉ា​​ល្អៗ​ជា​ច្រើន​ទៀត។ ឧកញ៉ា​នៅ​ស្រុកខ្មែរ​បច្ចុប្បន្ន​ មាន​ជាង​១ពាន់​នាក់​ ​​នេះ​ជា​ចំនួន​ច្រើន​ណាស់ ប៉ុន្តែ​បើ​មាន​ឧកញ៉ា​ពីរបី​នាក់​ធ្វើ​ឱ្យ​ខូចឈ្មោះ​​ឧកញ៉ា​ទាំង​អស់ វា​ជា​រឿង​​​ដែល​យើង​មិន​គួរ​ឱ្យ​កើត​មាន​ទេ។

បើ​តាម​បញ្ជីរាយនាម​ឧកញ៉ា​នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ២០២០ មាន​បុគ្គល​​ចំនួន ១០៧០​នាក់ ​​ដែល​ទទួល​បាន​ងារ​ជា «ឧកញ៉ា» និង​ «អ្នកឧកញ៉ា»។ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាលកម្ពុជា ​បាន​ចេញ​អនុក្រឹត្យ ធ្វើការ​ផ្លាស់​ប្តូរ ឬ​តម្លើង​ថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​» ដល់​សប្បុរស់ជន​ណា​ដែល​មាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍ​ន៏​ប្រទេស​ជាតិ​ដោយ​មាន​តម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​ទទួល​គោរមងារ​ជា «​ឧកញ៉ា​» ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា ដើម្បី​ឱ្យ​​មាន​ការ​គ្រប់គ្រង​ឧកញ៉ា​​​ច្បាស់លាស់ កាលពី​​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២១ ​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​​បាន​ចេញ​សេចក្តីសម្រេច​មួយ ស្តីពី​ការ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋានគតិយុត្ត​​សម្រាប់​ការ​គ្រប់គ្រង​ឧកញ៉ា ការ​ផ្តល់គោរមងារ​ឧកញ៉ា និង​ការ​ដកហូតគោរមងារ​ឧកញ៉ា ដែល​ក្នុង​នោះ​មាន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន, តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អនុប្រធាន និង​មាន​សមាជិក ១០​រូប​ផ្សេង​ទៀត​ផងដែរ។

ទទឹមនឹងនេះ នៅចុងឆ្នាំ២០២២ សមាគមឧកញ៉ាកម្ពុជា ត្រូវបាន​បង្កើតឡើង ដើម្បីលើកកម្ពស់គុណតម្លៃ​នៃ​គោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ជាមូលដ្ឋាន​ក្នុងការ​រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាព​សង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើន​របស់​ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន៕