កាលពីពេលថ្មីៗនេះ បុគ្គលិកនៅរដ្ឋបាលប្រធានាធិបតីរុស្ស៊ីទាំងអស់ មានពេលរហូតដល់ចុងខែមីនា ដើម្បីផ្លាស់ប្ដូរទូរស័ព្ទ iPhone របស់ពួកគេ ទៅប្រើទូរស័ព្ទម៉ាកផ្សេង ដែលមិនងាយក្នុងការលួចទិន្នន័យ និងអាចធ្វើចារកម្មស្រួលៗ។ នេះបើតាមការចុះផ្សាយពីកាសែត Kommersant។
លោក Sergei Kiriyenko នាយករងទីមួយនៃរដ្ឋបាលប្រធានាធិបតីបានប្រាប់ទៅកាន់មន្ត្រី អំឡុងពេលសិក្ខាសាលារៀបចំដោយវិមានក្រឹមឡាំងនាខែមីនាថា ត្រូវបោះចោលស្មាតហ្វូនអាមេរិកត្រឹមថ្ងៃទី ០១ មេសា ដោយសារបញ្ហាសុវត្ថិភាព ខណៈមន្ត្រីតាមតំបន់នឹងទទួលបានការជូនដំណឹងស្រដៀងគ្នានេះនាពេលឆាប់ៗ។
ដោយឡែក រដ្ឋាភិបាលរុស្ស៊ីក៏កំពុងពិចារណាលើការទិញទូរស័ព្ទថ្មី សម្រាប់បុគ្គលិកនៅជួររដ្ឋាភិបាលផងដែរ។
“វាចប់សព្វគ្រប់ហើយសម្រាប់ iPhone ព្រោះរដ្ឋាភិបាលតម្រូវឲ្យមន្ត្រីឈប់ប្រើវា ឬប្រគល់វាឲ្យក្មេងៗប្រើវិញ”។ នេះបើតាមសម្ដីបុគ្គលម្នាក់ដែលបានចូលរួមសិក្ខាសាលាបាននិយាយប្រាប់សារព័ត៌មាន។
គួររំលឹកដែរថា រដ្ឋបាលប្រធានាធិបតីគ្រប់គ្រងលើនាយកដ្ឋានចំនួន ៤ ដែលពាក់ព័ន្ធនឹងគោលនយោបាយក្នុងស្រុក គម្រោងសាធារណៈ សកម្មភាពក្រុមប្រឹក្សារដ្ឋ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធ។
ចំពោះការបញ្ជាពីរដ្ឋាភិបាលឲ្យឈប់ប្រើប្រាស់ស្មាតហ្វូនអាមេរិក ហាក់បង្ហាញឲ្យឃើញថា រុស្ស៊ីនៅតែគាំទ្រចិនគ្រប់ស្ថានការណ៍ ពោលកន្លងមកអាមេរិក និងតំបន់អឺរ៉ុបមួយចំនួនប្រកាសបិទកម្មវិធី TikTok របស់ចិន មិនឲ្យប្រើប្រាស់លើទូរស័ព្ទដៃរបស់មន្ត្រីនៃប្រទេសទាំងនោះ៕