ស្ងាត់ៗ នាយករដ្ឋមន្ត្រីជប៉ុន ហោះទៅជួបប្រធានាធិបតីអ៊ុយក្រែន ក្រោយលោក ស៊ី ស្កាត់ជួបពូទីន

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងតែធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ ដើម្បីទៅជួបប្រធានាធិបតីលោក Volodymyr Zelensky ពោលគឺនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Kishida បានចាកចេញពីប្រទេសឥណ្ឌារួចរាល់ហើយ ដែលជាកន្លែងលោក បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Narendra Modi ហើយឥឡូវនេះ កំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់ដោយទូរទស្សន៍ជាតិ NHK របស់ជប៉ុន ។

ប្រភពដដែលនេះ បានបង្ហាញទៀតថា ការធ្វើដំណើររបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ គឺជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំរបស់ជប៉ុន បានទៅទស្សនកិច្ច នៅក្នុងប្រទេស ឬតំបន់ ដែលកំពុងមាន​ជំលោះ​ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។ ហើយវាក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ សម្រាប់ប្រទេសសមាជិកនៅអាស៊ី នៃក្រុម G7 ។

យ៉ាងណាមិញ សម្រាប់ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត នៃដំណើរទស្សនកិច្ចដល់ទៅពីរ របស់លោក Kishida និងលោក ស៊ី ជិនជីង ហាក់កំពុងតែបង្ហាញពីការគូសបញ្ជាក់ អំពីការបែងចែកយ៉ាងខ្លាំង នៅតំបន់អាស៊ី ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ទីក្រុង Kyiv ខណ:ពេលដែលប្រទេសចិន នៅតែបន្តបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រដល់លោក ពូ ទីន ។

មិនតែប៉ុណ្ណោះ សម្រាប់ដំណើរទស្សនកិច្ចនេះ ជប៉ុន ក៏នឹងអាចប្រឈមមុខ ជាមួយនឹងភាព​ល្អក់​កករ​ខ្លាំង ជាមួយនឹងប្រទេសចិនផងដែរ ខណ:ពេលដែលជប៉ុន និងសហរដ្ឋអាមេរិក ហាក់កាន់តែបន្តមានទំនាក់ទំនងជិត​ស្និត​នឹងគ្នា ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសទៅលើកិច្ចសហប្រតិបត្តិការសន្តិសុខ ស៊ើបការណ៍នៅក្នុងតំបន់ និងការលូកដៃជួយអ៊ុយក្រែន៕