ក្រុមហ៊ុន Chevron ប្រកាសផ្អាកផលិតកម្ម នៅក្នុងប្រទេសថៃ បន្ទាប់ពីជួបប្រទះ​ឧបទ្ទវហេតុ​

អន្តរជាតិ

ក្រុមហ៊ុនថាមពលខ្នាតយក្ស Chevron Corp របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ផលិតកម្មនៅអណ្តូងប្រេង Benchamas ក្នុងឈូងសមុទ្ររបស់ប្រទេសថៃ ត្រូវបានផ្អាកសកម្មភាពភ្លាមៗ បន្ទាប់ពីមានឧបទ្ទវហេតុ មួយកើតឡើងកាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុកើតឡើង កាលពីសប្តាហ៍មុន នៅឯកប៉ាល់ផ្ទុកប្រេង ដែលបានបណ្តាលឱ្យទឹកសមុទ្រលេចធ្លាយចូលទៅក្នុងនាវា ដោយបានសម្លាប់សមាជិកនាវិកម្នាក់ ។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Cheveron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ៖ ” យើងបានស្រង់យកសាកសពមិត្តរួមការងាររបស់យើង ដែលបានរងគ្រោះថ្នាក់ដល់ជីវិតរួចរាល់ហើយ កាលពីថ្ងៃទី ១៣ ខែមីនា ហើយយើងបាននិងកំពុងរៀបចំ ដើម្បីប្រគល់ទៅឱ្យគ្រួសារជនរងគ្រោះ ” ។

យ៉ាងណាមិញ ក្រុមហ៊ុន Chevron ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរថា ឧបទ្ទវហេតុនេះ គឺមិនបានធ្វើឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាមេរិកមួយនេះ បាននិយាយទៀតថា ៖ ” ការផ្តោតអារម្មណ៍របស់យើងនាពេលបច្ចុប្បន្ននេះ គឺធ្វើការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ដូច្នេះយើងមិនអាចធ្វើការចាប់ផ្តើមផលិតកម្មរបស់យើងឡើងវិញ នៅឡើយនោះទេ ” ។

ជម្រាបជូនឱ្យដឹងផងដែរថា យោងតាមទិន្នន័យដែលទទួលបានពីរដ្ឋាភិបាលថៃ បានបង្ហាញឱ្យដឹងថា អណ្តូងប្រេង Benchamas អាចមានសមត្ថភាពផលិតបានប្រហែល ១៣ ០០០ បារ៉ែល ក្នុងមួយថ្ងៃ និងឧស្ម័នធម្មជាតិបានប្រហែល ៤៥លានហ្វីតគូប ៕