នៅថ្ងៃអង្គារ ទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ កូរ៉េខាងត្បូង បានប្រកាសចេញបញ្ជីទំនិញតាមដានមួយចំនួន ដើម្បីការពារមិនឱ្យមានការនាំចេញវត្ថុ ដែលជាប់ទាក់ទងទៅនឹងការអភិវឌ្ឍទៅផ្កាយរណបរបស់កូរ៉េខាងជើងនោះឡើយ ពោលគឺនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប (ICBM) ចូលទៅក្នុងសមុទ្រ រវាងឧបទ្វីបកូរ៉េ និងជប៉ុន ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA ។
ក្រសួងការបរទេសកូរ៉េខាងត្បុង បាននិយាយថា សម្ភារសរុបចំនួន ៧៧ ប្រភេទ នឹងស្ថិតនៅក្នុងបញ្ជីហាមឃាត់មិនឱ្យមានការនាំចេញ ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយ:ប្រទេសភាគីទីបីនោះឡើយ ដោយក្រសួងបានបន្ថែមទៀតថា វិធានការនេះ គឺមានគោលបំណងធំ ក្នុងការបង្កើនការអនុវត្តទណ្ឌកម្មទៅលើរបបផ្តាច់ការរបស់ប្រទេសជិតខាងមួយនេះ ។
គួរឱ្យដឹងទៀតថា បញ្ជីទំនិញហាមឃាត់នេះ គឺផ្តោតពិសេសទៅលើការអភិវឌ្ឍផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួននឹងធ្វើការអភិវឌ្ឍផ្កាយរណបចារកម្មថ្មីមួយ នៅក្នុងខែមេសា ឆ្នាំ ២០២៣ នេះ ។
បញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានធ្វើការសាកល្បងអាវុធជាច្រើនដងរួចមកហើយ កាលពីឆ្នាំមុន ហើយបានបាញ់សាកល្បងអាវុធឆ្លងទ្វីប ICBM ដ៏ធំបំផុតរបស់ខ្លួន ឈ្មោះថា Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលខ្លួនហៅថាជាការព្រមាន ដល់សត្រូវ ។
លើសពីនេះ ក្រសួងការបរទេសកូរ៉េខាងត្បុង បាននិយាយថា រដ្ឋាភិបាលរបស់ខ្លួន ក៏បានធ្វើការដាក់ទណ្ឌកម្មថ្មីៗ ទៅលើបុគ្គលចំនួន ៤ រូប និងអង្គភាពចំនួន ៦ រួចមកហើយ ដែលមានការជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីអាវុធខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង៕