ផលិតកម្ម Galaxy Navatra ប្រកាសកាលពីថ្ងៃទី២០ ខែឧសភា នេះ ថា ផលិតកម្មបានទិញសិទ្ធស្របច្បាប់នូវមរតកសំនៀងដើមដែលជាស្នាដៃតែងនិពន្ធរបស់កវី គង្គ ប៊ុនឈឿន ដើម្បីគ្រប់គ្រង និងលើកកម្ពស់ស្នាដៃតែងនិពន្ធកវីជំនាន់ដើម។
ផលិតកម្មGalaxy Navatra ដែលកំពុងវាយលុកទីផ្សារបទចម្រៀងខ្លាំងនៅកម្ពុជា បានស្នើដល់បណ្ដាផលិតកម្ម និងChanel Youtube ព្រមទាំងប្រព័ន្ធDigital ទាំងអស់ដែលបានយកបទចម្រៀងទាំងនោះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ត្រូវរួសរាន់លុបចេញវិញឲ្យបានមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ពោលគឺនៅមុនពេលដែលផលិតកម្មប្រើសិទ្ធស្របច្បាប់ក្នុងការការពារ និងប្រយោជន៍ម្ចាស់ស្នាដៃ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ផលិតកម្ម Galaxy Navatra បញ្ជាក់ថា ផលិតកម្មទទួលបានសិទ្ធគ្រប់គ្រងមរតកសំនៀងដើមដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន រយៈពេល១០ឆ្នាំ។
បទចម្រៀងភាគច្រើន គឺសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា។ ទទឹមនឹងការទិញសិទ្ធិផ្ដាច់មុខលើស្នាដៃខាងលើផលិតកម្មGalaxy Navatra នឹងផលិតឡើងវិញដោយរក្សាទម្រង់ដើម នៃបទចម្រៀងទាំងនេះ។
សូមបញ្ជាក់ផងដែរថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់បានចេញលិខិតព្រមាន រឿងរំលោភកម្មសិទ្ធិបញ្ញានៃបទចម្រៀងពីដើម ជារឿយៗផងដែរ ដោយបានស្នើឲ្យបណ្ដាលផលិតកម្ម និងអ្នកសិល្បៈមួយចំនួនឲ្យបញ្ឈប់ការយកបទចម្រៀងដែលជាមរតកដើម និងទទួលបានការគ្រប់គ្រងកម្មសិទ្ធិបញ្ញាពីម្ចាស់ដើម និងគ្រួសារ មកច្រៀងឡើងវិញ ដោយមិនមានការអនុញ្ញាត។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងកន្លងនោះ ក៏បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីដែលអ្នកពាក់ព័ន្ធទាំងអស់នោះនៅតែបំពាន និងមិនស្ដាប់តាមការណែនាំពីក្រសួងផ្ទុយនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
ទទឹមនឹងការទិញសិទ្ធិផ្ដាច់មុខលើស្នាដៃនូវមរតកសំនៀងដើមនេះ គេមិនទាន់ឃើញមានផលិតកម្មណាមួយបានចេញសេចក្ដីប្រកាសថា ខ្លួនបានទិញសិទ្ធផ្ដាច់មុខ ដូចផលិតកម្ម Galaxy Navatraនៅឡើយនោះទេ។ ជារឿយៗគេឃើញ មាន បុគ្គល ឬ ផលិតកម្មជាច្រើន បានយកបទចម្រៀងដើមទាំងនោះ កែប្រែចំណងជើង ឬខ្លឹមសារ ដែលធ្វើឲ្យខូចទម្រង់ដើម អាចនឹងនាំឲ្យមហាជនមានការភាន់ច្រឡំ ដែលទង្វើនោះ គឺជាទង្វើខុសច្បាប់ទាំងស្រុង។ បែបនេះក្ដី គេនៅមិនទាន់ឃើញ បុគ្គល ឬ ផលិតកម្មណាមួយ ត្រូវបាន ម្ចាស់ស្នាដៃនូវមរតកសំនៀងដើម ឬ អ្នកទទួលសិទ្ធិ ធ្វើការប្ដឹងផ្ដល់ ទៅស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ៕