មជ្ឈមណ្ឌលតម្លៃ១២លានដុល្លារនេះ នឹងជំរុញអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ ដែលវិនិយោគដោយសាកលវិទ្យាល័យឡានមីនៃកម្ពុជា (Lanmei University of Cambodia) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ នេះបានចំណាយទឹកប្រាក់អស់ ១២លានដុល្លារអាមេរិក ដើម្បីនាំចូលអាកាសយានហាត់ត្រាប់ចលនាពេញលេញ ស៊េរីទំនើបលំដាប់ពិភពលោក។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលហោះហើរ អាកាសយានហាត់ត្រាប់អន្តរជាតិ លោក Chan Chee Seng បានឲ្យដឹងថា មជ្ឈមណ្ឌលក៏នឹងដើរតួដ៏សំខាន់ក្នុងការផ្តល់នូវការបណ្តុះបណ្តាលដ៏ទូលំទូលាយ សម្រាប់អាកាសយានិកនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ាន និងអន្តរជាតិលើមុខវិជ្ជា ការបណ្តុះបណ្តាលដំបូង ការផ្ទេរការបណ្តុះបណ្តាលអាកាសយាន ការបណ្តុះបណ្តាល upgrade និងការហ្វឹកហាត់ឡើងវិញជាប្រចាំ។

ក្នុងឱកាសដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្លែងថា «ការបើកដំណើរការនៃមជ្ឈមណ្ឌលនេះ មានអត្ថន័យចំនួន៣៖ ទី១ វាបានបង្កើតប្រវត្តិសាស្ត្រ និងបំពេញចន្លោះនៃការបណ្តុះបណ្តាល អាកាសយានហាត់ត្រាប់នៅអាកាសចរណ៍ស៊ីវិលកម្ពុជា។ ទី២ វានឹងជួយជំរុញទឹកចិត្តបុគ្គលិកក្នុងស្រុក ក្នុងការជ្រើសរើសការងារនៅវិស័យអាកាសចរណ៍ស៊ីវិល ហើយនឹងបណ្តុះបណ្តាលអ្នកធ្វើការងារអាកាសចរណ៍ស៊ីវិលបន្ថែមទៀត ដើម្បីអភិវឌ្ឍសង្គមប្រទេសកម្ពុជា ក៏នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងផងដែរ នូវសុវត្ថិភាពនៃការហោះហើរអាកាសចរណ៍ស៊ីវិលកម្ពុជា។ ទី៣ គឺសង្ឃឹមថាមជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ អាចអភិវឌ្ឍល្អ និងឆាប់រហ័សក្លាយជាស្តង់ដារនៅកម្ពុជា និងតំបន់អាស៊ាន និងរួមចំណែកកាន់តែច្រើនក្នុងការស្តារឡើងវិញនូវអាកាសចរណ៍ស៊ីវិល របស់ពិភពលោក ក្នុងយុគសម័យក្រោយកូវីដ១៩»។

ទន្ទឹមនឹងនោះ លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងពីកង្វល់ចំនួន៣ អំពីការប្រើប្រាស់អាកាសយានហាត់ត្រាប់ ទី១ គឺលក្ខណៈសម្បត្តិមនុស្ស ទី២ គឺការថែទាំ ឧបករណ៍ និងសម្ភារៈបរិក្ខារ និងទី៣ គឺការការពារគ្រោះថ្នាក់ពេលប្រើប្រាស់ផងដែរ៕