សម្តេចតេជោ ហ៊ុន សែន បង្ហើបអ្នកដែលត្រូវមកជំនួស​ដំណែងមេបញ្ជាការកងទ័ពជើងគោក ពេលឯកឧត្តម ហ៊ុន ម៉ាណែត មកធ្វើនយោបាយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា នៅពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយោបាយ អ្នកដែលត្រូវមកជំនួស គឺមេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មិនមែនជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោ ហ៊ុន សែន

ការប្រកាសជាសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ ធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានដំឡើងជាអគ្គមេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដំណាលគ្នានឹងការដំឡើងឋានន្តរស័ក្តិ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ នៃកងយោធពល ខេមរ ភូមិន្ទ និងស្របពេលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី។

ថ្លែងចេញពីមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែមីនា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវពាក់ផ្កាយ៤ ដែលផ្កាយ៤នេះ ហ៊ុន ម៉ាណែត ត្រូវឡើងយូរហើយ តែ ហ៊ុន ម៉ាណែត ខ្លួនឯងមិនព្រមឡើង»។

ឯកឧត្ដម ហ៊ុន ម៉ាណែត

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកវិភាគមួយចំនួនពាក់ព័ន្ធការឡើងផ្កាយ៤ របស់ឯកឧត្តម ហ៊ុន ម៉ាណែត សម្តេចមិនហៅអស់លោកអ្នកវិភាគទាំងនោះជា«អាល្ងង់ទូទេ» សម្តេចសូមហៅថា «ជាបណ្ឌិតខ្វះការយល់ដឹង»ពាក់ព័ន្ធនឹងឋានន្តរស័ក្តិរបស់កងទ័ព។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយោបាយ អ្នកដែលត្រូវមកជំនួស គឺមេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឯកឧត្តម ម៉ៅ សុផាន់ (មេកងពល ង៧០)មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិត នោះទេ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បច្ចុប្បន្នជាមេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០៕

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់