ពីក្មេងស្រីដើរទូលនំលក់ លោកស្រី ម៉ែន ចិន្តា តស៊ូរហូតក្លាយជាឧកញ៉ា មានមុខជំនួញជាច្រើនក្នុងដៃ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ម៉ែន ចិន្តា អភិបាលក្រុមហ៊ុនជេខេប្រផឺធី (JK PROPERTY CO., LTD) ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កម្រ​​ជា​ច្រើន​ កាល​នៅ​ពីក្មេង ដោយ​លោកស្រី​ធ្លាប់​ជា​ក្មេង​ស្រី​ដើរ​ទូល​នំលក់​នៅ​តាម​ភូមិ ​​និង​ធ្លាប់​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ​​មុន​នឹង​មាន​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ ​​មក​ទល់​បច្ចុប្បន្ន​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំទាវឧកញ៉ា ម៉ែន ចិន្តា ​​បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​លោកស្រី​ឱ្យ​ដឹង​ថា លោកស្រី​កើតនៅក្នុងគ្រួសារមួយក្រីក្រ មានស្រុកកំណើត​នៅ​ ឃុំព្រៃនប់ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ឪពុកជាប៉ូលិស ធ្វើការនៅស្នងការ​ខេត្ត​ព្រះសីហនុ ម្តាយជាមេផ្ទះ មានបងប្អូន ៣នាក់។ លោកស្រីជាកូនច្បង រីឯការសិក្សាពុំបានជ្រៅជ្រះនោះទេ ដំបូង​រៀនចប់ត្រឹមថ្នាក់ទី៩ ហើយក៏ឈប់រៀន ទៅធ្វើការជាអ្នកបកប្រែនៅសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែង។

ដោយសារជីវភាពគ្រួសារក្រីក្រ លោកស្រីឆ្លៀតចិញ្ចឹមជ្រូកលក់ ធ្វើនំបញ្ចុកគីឡូលក់ និង​ជា​ក្មេង​ដើរ​ទូល​នំលក់ និងឆ្លៀតពេលខ្លះ​ដើម្បី​រៀនសុត្រ។ ពេលខ្លះ មិនមានពេលគ្រប់គ្រាន់សម្រាប់រៀនផង តែលោកស្រីតែងព្យាយាម និងឆ្លៀតពេលកន្លះម៉ោង សិក្សា​ភាសា​អង់គ្លេស​ផង​ដែរ។ ការទៅរៀនភាសាអង់គ្លេស លោកស្រីគ្មានលុយ​រៀន​នោះ​ទេ តែ​បាន​ឈរ​នៅ​ពីក្រោយ​គេ ដើម្បី​​បាន​រៀន​នឹង​គេ​ ព្រោះ​ចង់ចេះ​ភាសាអង់គ្លេស។ ការចង់ចេះ​នេះ លោកស្រី​យល់​ថា មាន​តែ​ចំណេះ​វិជ្ជា​ទេ ដែល​អាច​នាំ​​ឱ្យ​ជីវិត​អាច​ទៅ​មុខ និង​អាច​នាំ​ឱ្យ​ចាកចេញ​​ផុត​ពី​ជីវភាព​ក្រីក្រ​បាន។

លោកស្រី ជាក្មេងស្រី​​ដ៏​តស៊ូ​មួយ​រូប ដែល​តែងដើរ​ទូល​នំលក់​​​នៅ​តាម​ផ្សារ និង​តាម​ទីសាធារណៈ​ជា​រៀង​រាល់ថ្ងៃ មួយ​ថ្ងៃ​មួយ​កញ្ច្រែង។ ដោយសារ​ការខិតខំ​ តស៊ូ និងស្វះស្វែងសិក្សារៀនសូត្រ បានធ្វើ​ឱ្យ​លោកស្រី បាន​ក្លាយ​ជា​ពលករ​​ទៅ​ធ្វើការ​នៅ​កូរ៉េ។ នៅ​ឆ្នាំ២០០៣ លោកស្រី​បាន​រៀបការ​ជាមួយ​ស្វាមី​ឈ្មោះ ឈិត ឆៃយ៉ា និង​ទៅ​រស់​នៅ​ប្រទេសកូរ៉េ ដោយ​រស់នៅ​ជាមួយ​ម្តាយក្មេក​ជនជាតិ​កូរ៉េ ដែល​ពេល​នោះ​លុយក៏​មិន​សូវមាន មាន​កូន​តូច​ទៀត ពេលនោះ​មិន​ដឹង​ធ្វើ​បែបណា លោកស្រី​មាន​តែ​ធ្វើ​ឱ្យ​ខ្លួនឯង​រវល់ តាមរយៈ​ការ​ខិត​ធ្វើការ​ថែមម៉ោង​ពេល​យប់ និង​បាន​ធានា​ម្តាយ​ពី​ស្រុកខ្មែរ​ឱ្យ​ទៅ​ប្រទេសកូរ៉េ ដើម្បី​ជួយ​មើលកូន។

បន្ទាប់មក លោកស្រី​មាន​ពេល​សមល្មម ដើម្បី​ដើរ​ជួយ​ពលករ ពលការិនី​ខ្មែរ ដែល​ថៅកែ​ធ្វើ​បាប ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ ថៅកែ​បោះបង់ចោល លោកស្រី​តែងតែ​ជួយ​ដល់ពួកគាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោកស្រី​ក៏​បាន​ជួយ​ដល់​ជនជាតិ​កូរ៉េ ដូចជា​ចាស់​ជរា ក្មេង​កំព្រា និង​បាន​ធ្វើការ​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម នៅ​ប្រទេសកូរ៉េ ធ្វើការ​បកប្រែ​នៅ​ប៉ុស្តិ៍​ប៉ូលិស​កូរ៉េ ដោយ​ការ​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​​​បន្ទាប់​មក​ខាង​ស្ថាប័ន​ប៉ូលីស​​របស់​កូរ៉េ​​បាន​ឱ្យ​ថ្លៃ​ឈ្នួល​ដល់​លោកស្រី។

ក្រោយ​​​ធ្វើការងារ​ស្ម័គ្រ​ចិត្ត​ និង​ធ្វើការ​មួយ​ចំនួន​នៅ​ប្រទេសកូរ៉េ​មក លោកស្រី​បាន​ចាប់ផ្តើម​ចេះ​រកស៊ី​​ចាប់ពី​ពេល​នោះ​មក។ ពេល​នោះ​ លោកស្រី​បាន​បកប្រែ​ឱ្យ​ពលករ​ខ្មែរ​ជា​ច្រើន ហើយ​ពួកគេ​ឱ្យ​ជួយ​រៀបចំ​ប្រាក់​បំណាច់​ឆ្នាំ។ ប្រាក់​បំណាច់ឆ្នាំ គឺ​ត្រូវ​ទិញ​សំបុត្រយន្តហោះ ដូច្នេះ​លោកស្រី​គិត​ថា បើ​ខ្លួន​លក់​សំបុត្រ​យន្តហោះ នោះ​នឹង​អាច​ចំណេញ​លុយ។ ពេលនោះ លោកស្រី​ចាប់ផ្តើម​លក់​សំបុត្រ​យន្តហោះ តែ​លោកស្រី​មិន​យក​ចំណេញ​លើ​ពលករ​​ខ្មែរ​នោះ​ទេ តែ​បាន​ប្រាក់​ចំណេញ​ពី​ក្រុមហ៊ុន​​អាកាសចរណ៍​របស់​គេ។ លោកស្រី ​​ចាប់ផ្តើម​មុខរបរ​នេះ​ តាំង​ពី​តូច​តាច​ រហូត​អាច​សន្សំ​បាន​លុយ​​ច្រើន​គួរ​សម និង​បាន​បើក​ហាង​បាយ​នៅ​ប្រទេស​កូរ៉េ​ថែម​ទៀត។ ហាង​បាយ​នេះ ក៏​​មាន​ទទួល​ធ្វើ​ខួប​អាពាហ៍ពិពាហ៍ ធ្វើ​ខួប​កំណើត និង​មាន​កន្លែង​កម្សាន្តផងដែរ។

មូលហេតុ​ដែល​លោកស្រី ជួយ​ការងារ​សង្គម​ច្រើន​ ដោយសារ​តែ ពេល​ទៅ​រស់នៅ​ប្រទេសគេ​ខ្លួន​មួយ ពិត​ជា​លំបាក​ណាស់ ហើយ​ពេល​លំបាក​ម្តងៗ​គ្មាន​អ្នកជួយ​នោះ​ទេ។ លោកស្រី​គិត​ថា បើ​មាន​អ្នក​មក​ជួយ​ដល់​ខ្លួន​ពេល​នោះ មិន​ដឹង​ជា​រំភើប​កម្រិត​ណា​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​លោកស្រី​បែក​គំនិត​ ទៅ​ជួយ​អ្នក​ដែល​មាន​ទុក្ខ ដោយ​ឃើញ​​ថា ស្នាម​ញញឹម​របស់​ពួកគេ​ ពេល​យើង​ជួយ​​ពួកគាត់​បាន និង​ការ​សំពះ​អរគុណ​ដល់​យើង អារម្មណ៍​របស់​​លោកស្រី ពិត​ជា​រំភើប​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ ទើប​ជំរុញ​ឱ្យ​លោកស្រី តែង​តែ​ជួយ​ពលករ​ម្នាក់​ហើយ ម្នាក់ទៀត ជា​បន្ត​បន្ទាប់​ទៅ។

ក្រោយ​ធ្វើការ​ជាពលករ និង​ប្រកប​របរ​រកស៊ី​មួយ​ចំនួន​នៅ​ប្រទេស​កូរ៉េ លោកស្រី​ក៏​​បាន​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​រកស៊ី​ផ្នែក​អចលនទ្រព្យ និង​មុខជំនួញ​​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុងដៃ តែ​លោកស្រី​មិនដែល​ចោលការងារ​មនុស្ស​ធម៌​ឡើយ។ លោកជំទាវ តែង​ចូល​រួម​បរិច្ចាគ​ជួយ​សង្គម​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូចជា​ជួយ​កសាង​វត្ត​អារ៉ាម ក្លោង​ទ្វារ កុដ ព្រះវិហារ ផ្លូវ​ថ្នល់ បន្ទាយ​ប៉ូលិស បន្ទាយកងរាជអាវុធហត្ថ ជាដើម។ ក្រៅពី​នោះ លោកជំទាវ ក៏​បាន​ជួយ​ដល់​អង្គការ​កុមារ​កំព្រា អង្គការ​ជនពិការ សិល្បៈករ​ចាស់​ជរា និង​សិល្បៈករ សិល្បៈការិនី ដែល​មាន​ជីវភាព​ខ្វះខាត​ផងដែរ។

សូម​ជម្រាប​ជូន​ថា អ្នកស្រី​ ម៉ែន ចិន្តា ​បាន​ទទួលងារ​ «ឧកញ៉ា» កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ទទួលបាន​មេដាយ​ជាតូបកា​ និង​ទទួល​បាន​ការ​បំពាក់ពី​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយ​កាលខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ លោកជំទាវ​ឧកញ៉ា​ ក៏​ទើបទទួលបាន​ការ​តែងតាំង​ជា​ប្រតិភូសមាគម​មិត្តយើងទទួលបន្ទុក​សាធារណៈរដ្ឋ​កូរ៉េ ផងដែរ៕