មហាសេដ្ឋីរុស្ស៊ីដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច អាចរំដោះខ្លួនបាន បើសិនជាពួកគេ បរិច្ចាគទឹកប្រាក់ច្រើនសំបើមទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមសម្ដីលោក Michael McFaul អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី។
យ៉ាងណា លោកក៏បានបញ្ជាក់បន្ថែមថា ដំណោះស្រាយមួយនេះ គឺមិនទទួលបានការគាំទ្រពីប្រទេសអ៊ុយក្រែននោះទេ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមមហាសេដ្ឋីរុស្ស៊ីជាច្រើនរូប ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធ និងមានទំនាក់ទំនងស្អិតល្មួតជាមួយរដ្ឋាភិបាលរុស្ស៊ី ខណៈទណ្ឌកម្មទាំងនោះមានដូចជា បង្កកទ្រព្យសម្បត្តិ បិទការធ្វើដំណើរជាដើម។
សូមជម្រាបដែរថា អតីតមន្ត្រីការទូតជាន់ខ្ពស់ម្នាក់នេះ ក៏បន្ថែមទៀតថា ទណ្ឌកម្មសេដ្ឋកិច្ចលើបុគ្គលបច្ចុប្បន្ន គឺពិបាកក្នុងការរំដោះខ្លួនខ្លាំងណាស់ ពោលបើសិនជាជាប់ហើយ គឺស្ទើរតែគ្មានយន្តការណាអាចស្រាយចេញទេ៕