កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF បានប្រកាសថា ពួកគេនឹងធ្វើការវិនិច្ឆ័យចំពោះប្រទេសស្រីលង្កា សម្រាប់កញ្ចប់សង្គ្រោះតម្លៃច្រើនជាង ៣ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពី RT បានបង្ហាញថា វានឹងក្លាយជាលើកតំបូង ដែលប្រទេសនៅអាស៊ីប្រឈមនឹង “ការធ្វើវិនិច្ឆ័យអភិបាលកិច្ច” ពី IMF ហើយបើសិនជាស្រីលង្កាអាចទទួលបានការសង្គ្រោះមួយនេះ នោះប្រទេសដីកោះនឹងលែងជាប់ឈ្មោះអសោច ជាប្រទេសក្ស័យធនទៀតហើយ។
បន្ថែមពីនោះ ស្រីលង្កាក៏នឹងអាចទទួលបានជំនួយបន្ថែមទៀតពីស្ថាប័នផ្សេងៗ រហូតដល់ ៧ពាន់លានដុល្លារ បើសិនជា IMF នាំមុខផ្ដល់ជំនួយខ្នាតយក្សមុនគេ។
គួររំលឹកដែរថា ប្រធានាធិបតី Ranil Wickremesinghe បានបង្កើតផែនការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋជាផ្នែកនៃផែនការកំណែទម្រង់របស់គាត់ តែផ្ទុយទៅវិញ ក្រុមអ្នកតវ៉ាបានចោទលោកថា បានការពារគ្រួសារត្រកូល Rajapaksa អតីតអ្នកកាន់អំណាចទៅវិញ៕