ត្រឹមខែកុម្ភ: ទំហំពាណិជ្ជកម្មសរុបរបស់ម៉ាឡេស៊ី កើនឡើងដល់ ៤៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី (MITTI) បានធ្វើការប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ២០ ខែមីនាថា តម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសខ្លួន នៅក្នុងខែកុម្ភ: បានកើនឡើង ១១% ដល់ចំនួនទឹកប្រាក់ ២០៤,៩៩ពាន់លានរីងហ្គីត (៤៥,៦៨ពាន់លានដុល្លារ) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងផងដែរថា ការនាំចេញរបស់ម៉ាឡេស៊ី បានកើនឡើង ៩,៨% ក្នុងចំនួនទឹកប្រាក់ ១១២,២៨ពាន់លានរីងហ្គីត ខណ:ការនាំចូលវិញបានកើនឡើង ១២,៤% ដល់ចំនួន ៩២,៧១ពាន់លានរីហ្គីត។

មិនតែប៉ុណ្ណោះ MITI បានបញ្ជាក់ប្រាប់ថា ទំហំពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល បានឈានដល់កម្រិតខ្ពស់បំផុត នៅក្នុងខែកុម្ភ: ខណ:កំណើននៃការនាំចេញ ត្រូវបានជំរុញយ៉ាងខ្លាំងដោយផលិតផលប្រេងឆៅ ឧស្ម័នធម្មជាតិ ផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ។

ទន្ទឹមនឹងនេះ យោងតាមក្រសួងខាងលើ បានឱ្យដឹងទៀតថា ការនាំចេញរបស់ម៉ាឡេស៊ី ទៅកាន់ដៃគូសំខាន់ៗ ជាពិសេសតំបន់អាស៊ាន និងសហរដ្ឋអាមេរិក បានកត់ត្រាអំពីកំណើនដល់ទៅពីរខ្ទង់។ នៅក្នុងខែកុម្ភ: ពាណិជ្ជកម្មសរុបរបស់ម៉ាឡេស៊ី ជាមួយប្រទេសដៃគូអាស៊ាន មានចំនួន ២៧,៤% នៃតម្លៃពាណិជ្ជកម្មសរុបរបស់ខ្លួន ពោលគឺបានកើនឡើង ១០% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងចំនួនទឹកប្រាក់ ៥៦,១៤លានរីងហ្គីត៕