ឥទ្ធិពល Elon Musk កំពុងធ្វើឲ្យប្រធានាធិបតីអាមេរិកព្រួយចិត្តជាខ្លាំង

អន្តរជាតិ

បន្ទាប់ពីទិញបានក្រុមហ៊ុន Twitter កាលពីខែតុលាឆ្នាំទៅក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ពេលនេះ Elon Musk មានក្រុមហ៊ុន ៥ នៅក្នុងដៃ ដែលរកស៊ីលើវិស័យដឹកជញ្ជូន អាកាសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg បាន​ឲ្យដឹងថា ក្រុមហ៊ុនទាំង ៥ នេះ គឺធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយរដ្ឋាភិបាល ដែលធ្វើឲ្យឥទ្ធិពលមហាសេដ្ឋីអាមេរិក​កាន់តែធំធេង ប្រៀបដូចជាស្ដេចត្រាញ់​ដែលប៉ះសឹងមិនបាន។

បើទោះជាធ្វើការយ៉ាងជិតដិតជាមួយរដ្ឋបាលចូ បៃដិន​ក៏ពិតមែន ប៉ុន្តែមេធំ Tesla នៅតែញ៉ែញ៉ង​ជាមួយគណបក្សសាធារណរដ្ឋ ដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យមានអារម្មណ៍មិនស្រួលក្នុង​ខ្លួនឡើយ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនកំពុងពិភាក្សាគ្នា ដើម្បី​កំណត់​ឥទ្ធិពល​សហគ្រិនឆ្នើម ហើយអាចនឹង​ប្រើធម៌ក្ដៅ​ កំទេច​អាណាចក្រ Elon Musk ដូចធ្លាប់ធ្វើចំពោះ​លោក John D. Rockefeller កាលពីជាង ១០០ឆ្នាំមុនដូចគ្នា។

ហេតុផលកាន់តែធ្វើឲ្យ ចូ បៃដិន ឈឺក្បាលជាមួយ Elon Musk គឺក្រុមហ៊ុន Tesla កំពុងពង្រីក​ខ្លួន​លើ​ទីផ្សារ​ស្រុកចិន និងមូលនិធិពីមជ្ឈិមបូព៌ាសម្រាប់កិច្ចព្រមព្រៀង Twitter ជាហេតុធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិកយល់ថា Elon Musk អាចនឹងធ្លាក់ក្នុងឧបាយកលបរទេស​នាពេលណាមួយ៕