ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យរំលាយសភា ដើម្បីឈានទៅរកការបោះឆ្នោតជាសកល

អន្តរជាតិ

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតជាសកល ដែលនឹងត្រូវប្រព្រឹត្តិធ្វើឡើង នៅក្នុងខែឧសភាខាងមុខ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យមួយ ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី ១៧ ខែមីនា ត្រូវបានសម្រេចដាក់ឱ្យចូលជាធរមាន នៅថ្ងៃចន្ទទី ២០ ខែមីនា ខណ:រដ្ឋធម្មនុញ្ញថៃ បានចែងថាការបោះឆ្នោតជាសកល អាចនឹងត្រូវធ្វើឡើងនៅចន្លោះពី ៤៥ ទៅ ៦០ ថ្ងៃ បន្ទាប់ពីការរំលាយសភា។ ដូច្នេះវាមានន័យថា ការបោះឆ្នោត អាចនឹងត្រូវធ្វើឡើង នៅចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី ១៩ ខែឧសភា ។

តែយ៉ាងណា បើតាមការចុះផ្សាយចុងក្រោយមួយ ពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ប្រធាគណ:កម្មាធិការរៀបចំការបោះឆ្នោត លោក Ittiporn Boonparcong បានសម្រេចជ្រើសរើសយកថ្ងៃទី ១៤ ខែឧសភា ដើម្បីរៀបចំការបោះឆ្នោត ពោលការប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការរំលាយសភា ។

គួរឱ្យដឹងថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំព្រះរាជក្រឹត្យ ដើម្បីរំលាយសភា មុនពេលបញ្ចប់អាណត្តិរយ:ពេល ៤ ឆ្នាំរបស់រដ្ឋាភិបាលខ្លួន នៅថ្ងៃទី ២៣ ខែមីនាខាងមុខ ។

ជម្រាបជូនផងដែរថា ប្រទេសថៃ បានធ្វើការរៀបចំការបោះឆ្នោតលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ ដែលជាការផ្លាស់ប្តូរពីរបបយោធាជិតប្រាំឆ្នាំ ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ ៕