បន្ទាប់ពីបញ្ចប់ភារកិច្ចដំណើរទស្សនកិច្ចផ្លូវរដ្ឋ ៣ថ្ងៃ ប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើដំណើរចាកចេញពីប្រទេសរុស្ស៊ី វិលត្រឡប់ទៅកាន់ប្រទេសចិនវិញ នាថ្ងៃទី ២២ មីនា ២០២៣។
យោងតាមការចុះផ្សាយពី TASS បានឲ្យដឹងថា មានឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រំលេចវត្តមានក្នុងការជូនដំណើរប្រធានាធិបតីចិន វិលត្រឡប់ទៅកាន់មាតុភូមិវិញនៅប្រលានយន្តហោះ Vnukovo-2 ក្នុងទីក្រុងមូស្គូដូចជា ឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko អនុរដ្ឋមន្ត្រីការបរទេស Andrey Rudenko និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
គួររំលឹកដែរថា រុស្ស៊ីគឺជាប្រទេសទីមួយដែលលោក ស៊ី ជិនពីងធ្វើទស្សនកិច្ច បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីចិន៣អាណត្តិជាប់ៗគ្នា ហើយវាក៏ជាការជួបមុខគ្នាផ្ទាល់ជាមួយមិត្តសម្លាញ់ វ៉្លាឌីមៀរ ពូទីន ក្រោយខកខានអស់រយៈពេលជិត ៤ឆ្នាំ។
សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ ចិន និងរុស្ស៊ីសម្រេចបានកិច្ចព្រមព្រៀងដូចជា ពង្រឹងយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់យុគសម័យថ្មី ដែលបន្ថែមទំងន់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្មានដែនកំណត់រវាងចិន និងរុស្ស៊ី៕