នៅសល់ត្រឹមតែ ៤៤ ថ្ងៃ ទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉េហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចូលមកដល់។ ព្រឹត្តិការណ៍ដែល នឹងកំពុងទាក់ទាញទឹកចិត្តពីមហាជនមួយនេះ ត្រូវបានអ្នកវិនិយោគក្នុងស្រុកមួយរូបចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យកីឡា និងសេដ្ឋកិច្ចកម្ពុជា ពោលវានឹងជួយទាក់ទាញអ្នកវិនិយោគបរទេស ចូលមកបណ្តាក់ទុននៅក្នុងស្រុកបន្ថែមនាពេលខាងមុខ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ យើងឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិសេសប្រទេសកម្ពុជា រងចាំអស់រយៈពេលជាង ៦០ឆ្នាំ ហើយនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានប្រកយដោយជោគជ័យ និងជាប្រវត្តិសាស្ត្រនាពេលកន្លងទៅថ្មីៗនោះ។
លោកឧកញ៉ា បន្តថា៖ «ខ្ញុំគិតថាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺជាការកំណត់នៅប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការចូលរួម មិនត្រឹមតែកីឡាទេ វាពាក់ព័ន្ធជាមួយនិងសេដ្ឋកិច្ច។ ដូច្នេះវា នឹងធ្វើឱ្យមានការចរចាទំនិញ, ការដឹកជញ្ជូន, ការស្នាក់នៅ និងការចំណាយផ្សេងៗ រួមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែល្អ មិនត្រឹមតែប៉ុណ្ណឹង វាជាការផ្សព្វផ្សាយមួយទៅអន្តរជាតិឱ្យឃើញថាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងមានភាពល្អប្រសើរ ខណៈប្រទេសកម្ពុជាស្ថិតនៅក្នុងសុខសន្តិភាព»។
លោកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដដែលរូបនេះគូសបញ្ជាក់បន្ថែមថា៖ «កិច្ចកំពូលអាស៊ាន និងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាត្រៀមរៀបចំនៅពេលខាងមុខនេះ គឺជាការទាក់ទាញបន្ថែមទៀត សម្រាប់វិនិយោគមកកាន់ប្រទេសកម្ពុជាយើង ហើយនេះសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមានលទ្ធភាពដឹកនាំកិច្ចប្រជុំធំៗ និងព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះ»។
គួររំឮកថា គិតត្រឹមថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៤៣ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ អត្ថបទ៖សារេត