មួយរយៈចុងក្រោយនេះ ម្ចាស់បុរី ឬម្ចាស់ទីតាំងអចលនទ្រព្យមួយចំនួន មានបញ្ហារកាំរកូស ដូចជាបញ្ហាផ្លូវច្បាប់ បញ្ហាជាមួយអតិថិជន ជាដើម។ ទទឹមនឹងនោះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានស្នើសុំអំពាវនាវឱ្យគ្រប់អ្នកអភិវឌ្ឍន៍បុរី និងអ្នកអភិវឌ្ឍន៍ដីឡូត៍ទាំងអស់ ចូលខ្លួនមកបង់ពន្ធជាបន្តបន្ទាប់ ខណៈដែលអ្នកជំនាញបានលើកឡើងថា ការដែលមានបញ្ហាក្នុងការធ្វើអាជីវកម្មបុរី ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បុរីទាំងនោះ អត់មានច្បាប់ ឬមិនមានបណ្ណកម្មសិទ្ធិច្បាស់លាស់ពីក្រសួងជំនាញ ឬអាជ្ញាធរដែនដី។ ជាមួយគ្នានោះ សម្រាប់អ្នកលក់-អ្នកទិញ ក៏ដូចគ្នាដែរ ដោយសារពេលទិញពុំបានពិនិត្យមើលលើអាជ្ញាបណ្ណ ច្បាប់ និងបណ្ណកម្មសិទ្ធិនោះទេ ហើយក្នុងករណីគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត គឺជាមេរៀនសម្រាប់អ្នកទិញផង និងអ្នកអភិវឌ្ឍន៍បុរីផងដែរ។
ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់ដល់ឧកញ៉ា ញូស៍ យ៉ាងដូច្នេះថា ករណីខាងលើនេះ លោកមើលឃើញថាជាការធ្វេសប្រហែស ឬកំហុសឆ្គងមួយកើតឡើង ដោយសារម្ចាស់បុរី មិនមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលយើងឃើញថា មានការប្រកាសព័ត៌មានជាទូទៅតែម្តង។ នេះជាកំហុសឆ្គង ដែលជាបទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ ដូច្នេះអ្នកអភិវឌ្ឍន៍គួរតែដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ហើយអតិថិជនទាំងអស់ គួរតែទិញ ឬវិនិយោគសម្រាប់គម្រោងណា ដែលមានអាជ្ញាបណ្ណ ដើម្បីជៀសវាងនូវបញ្ហា ឬហានិភ័យផ្សេងៗ ដែលបានកើតឡើង ដូចយើងឃើញមាន នាពេលបច្ចុប្បន្ន។
លោកឧកញ៉ា បានបន្តយ៉ាងដូច្នេះថា៖ “ជាក់ស្តែងសម្រាប់ខ្ញុំខ្លួនឯង ក្នុងនាមសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ខ្ញុំសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្ចាស់ដីដើម ម្ចាស់គម្រោង និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អង្គុយពិភាក្សាគ្នារកដំណោះស្រាយណាមួយឱ្យបានសមស្រប ប្រើនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដើម្បីឱ្យគម្រោងហ្នឹង ទៅមុខហើយទទួលបានជោគជ័យ និងដើម្បីរក្សាបាននូវផលប្រយោជន៍របស់អតិថិជន ព្រោះយើងដឹងហើយថា អតិថិជន ពួកគាត់ខំធ្វើការសន្សំប្រាក់លំបាកណាស់ ទម្រាំបានប្រាក់១ម៉ឺន ២ម៉ឺន ឬ៣ម៉ឺនដុល្លារ ទៅបង់រំលស់ ឬបង់ផ្តាច់ ដើម្បីបានលំនៅឋានសមរម្យមួយ សម្រាប់ស្នាក់នៅ”។
លោកឧកញ៉ា ឃាង ពុទ្ធី បានគូសបញ្ជាក់បន្ថែមថា បើបញ្ហានេះនៅជាប់គាំង វានឹងធ្វើឱ្យមានរូបភាពមិនល្អ ជាពិសេសនៅក្នុងវិស័យអចលនវត្ថុក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះលោកឧកញ៉ា សង្ឃឹមថា ភាគីទាំងអស់នឹងអង្គុយជជែកគ្នា យោគយល់គ្នា ដើម្បីដោះស្រាយបញ្ហានេះ ឱ្យទទួលបានជោគជ័យ។
គួររំឭកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងបញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក ព្រមទាំងឱ្យបញ្ឈប់សកម្មភាពដូចជា ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់ការដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់ ហើយការផ្អាកនេះ គឺដើម្បីការពារផលប្រយោជន៍របស់អតិថិជន ដែលមានរាប់ពាន់គ្រួសារ និងភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ គម្រោងបុរី វីអាយភី ក៏អតិថិជនកំពុងផ្ទុះការតវ៉ាខ្លាំង ដោយពួកគេលើកឡើងថា ម្ចាស់គម្រោងពុំចេញបណ្ណកម្មសិទ្ធិជូន តាមការសន្យាផងដែរ៕