ផលិតកម្មរថយន្តរបស់ថៃ កើនឡើងដល់ ៦,៣៩% ក្នុងខែកុម្ភ: តែការលក់ធ្លាក់ចុះ

អន្តរជាតិ

ថ្មីៗនេះ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍មកថា ផលិតកម្មរថយន្តក្នុងប្រទេសខ្លួន បានកើនឡើងដល់ ៦,៣៩% ក្នុងខែកុម្ភ:ធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដែលធ្វើឱ្យចំនួនកើនឡើងដល់ ១៦៥ ៦១២ គ្រឿង បន្ទាប់ពីកង្វះបន្ទះមីក្រូឈីប ហាក់មានភាពធូស្រាល ស្របពេលការនាំចេញក៏បានកើនឡើងវិញផងដែរ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI លោក Surapong Paisitpattanapong បាននិយាយថា ការនាំចេញរថយន្តរបស់ថៃ បានកើនឡើងដល់ ១១,៤២% នៅក្នុងខែកុម្ភ: ធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីការកើនឡើង ២៤,២៨% នៅក្នុងខែមករា ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលក់នៅក្នុងស្រុកបានធ្លាក់ចុះ ៣,៩៤% នៅក្នុងខែកុម្ភ: ធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ៥,៥៨% នៅក្នុងខែមករា ដោយសារតែការថយចុះយ៉ាងខ្លាំងនៃការលក់រថយន្តដឹកទំនិញ ។

ជម្រាបជូនផងដែរថា ប្រទេសថៃ ត្រូវបានចាត់ទុកជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់ដ៏ធំបំផុតមួយ សម្រាប់ក្រុមផលិតរថយន្តកំពូលៗមួយចំនួននៅលើពិភពលោក រួមមាន Toyota និង Honda ជាដើម ។ ហើយចំពោះឧស្សាហកម្មនេះ បានរួមចំណែកប្រហែល ១០% នៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ របស់អាស៊ីអាគ្នេយ៍ ក៏ដូចជាបានបង្កើតទីផ្សារការងារក្នុងស្រុកបានយ៉ាងច្រើន ផងដែរ ៕