លោក គីម រិទ្ធី៖ ខេត្តព្រះវិហារមានក្រុមហ៊ុន ២២ កំពុងធ្វើអាជីវកម្ម និងសិក្សាជ្រាវធនធានរ៉ែ

សង្គម​ និង​សេដ្ឋកិច្ច

នៅអគារវិមានសន្តិភាព ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» នៅរសៀលថ្ងៃទី២៣ ខែមីនាម្សិលមិញ លោក គីម រិទ្ធី បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនចំនួន ២២ កំពុងធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវធនធានរ៉ែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ថា ខេត្តព្រះវិហារ ជាខេត្តមួយដែលសំបូរទៅដោយធនធានរ៉ែ ក្នុងនោះមានទាំងរ៉ែដេក, រ៉ែស្ពាន់, រ៉ែមាស, រ៉ែប្រេងកាត និងរ៉ែលោហៈជាដើម ដែលគ្របដណ្ដប់នៅស្ទើរទូទាំងខេត្ត។

លោកបន្តថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែ និងសិក្សាស្រាវជ្រាវធនធានរ៉ែនៅខេត្តព្រះវិហារទាំង ២២នោះ ដូចជា អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានចំនួន៣ក្រុមហ៊ុន, អាជ្ញាបណ្ណសិក្សាស្រាវជ្រាវធនធានរ៉ែ មានចំនួន៩ក្រុមហ៊ុន និងអាជ្ញាបណ្ណអណ្តូងរ៉ែ បើកនិងការដ្ឋានវាយថ្ម មានចំនួន១០ក្រុមហ៊ុន។

ថ្លែងឱកាសនោះ លោក គីម រិទ្ធី បានអំពាវនាវដល់អ្នកដែលចង់រកស៉ីវិនិយោគលើវិស័យរ៉ែនេះ ប្រយ័ត្នចាញ់បោកអ្នកគួកជេរដីធ្លី។ បើតាមលោកអភិបាលខេត្ត អ្នកគួកជេរតែងអះអាងថា ដីដែលគេលក់នោះគឺអាចធ្វើអាជីវកម្មបាន ប៉ុន្ដែធាតុពិតដីនោះមិនមានធនធានរ៉ែសម្រាប់ធ្វើអាជីវកម្មឡើយ។ យ៉ាងណាសម្រាប់អ្នកដែលចង់វិនិយោគលើវិស័យនេះ លោក គីម រិទ្ធី បានណែនាំឲ្យសិក្សាជាមួយស្ថាប័នជំនាញ ដើម្បីកុំឲ្យខាតបង់៕