កងទ័ពកម្ពុជា-ចិន រំពឹងថា សមយុទ្ធនាគមាស នឹងជួយ​​លើក​កម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

សង្គម​ និង​សេដ្ឋកិច្ច

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបើកលំហាតស​មយុទ្ធរួមគ្នា ដែលឈ្មោះថា នាគមាស​ឆ្នាំ​​២០​២៣ ក្រោមប្រធានបទ “ប្រតិបត្តិការកា​រពារ​សន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្ស​ធម៌ នៃកងទ័ព​​កម្ពុជា-​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លំហាត់សមយុទ្ធរួមគ្នានេះ បានប្រារព្ធពិធី​បើកជាផ្លូវការ កាលថ្ងៃទី២៣ ខែមីនានេះ នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរាជ​អាវុធ​ហត្ថ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឧត្តមសេនីយ៍ទោ ឈិន ម៉ីន​ធៀន នាយរងសេនា​ធិការកងទ័​ពជើងគោក នៃតំបន់ភូមិភាគ ខាង​ត្បូងនៃកង​ទ័ពរំដោះប្រជាជ​នចិន។

នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងប​ញ្ជាក់ថា ការចាត់តាំងធ្វើសមយុទ្ធនាគ​មាស​លើកទី៥ នេះ ពិត​ជាឆ្លើយ តប​ទៅ​​នឹង​គោល​បំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំង​តម្រូវការនៃកិច្ច​ស​ហ​ប្រតិ​​បត្តិ​ការ​​​ ​ដើម្បីថែ​​​រក្សា​សន្តិសុខនៅក្នុងតំបន់ ។

តាមរយៈលំហាត់សមយុទ្ធលើកនេះ នាយឧត្ដមសេនីយ៍ បាន រំពឹងថានឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការ​​ជួយ​​សង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ និង ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ច​សហ​ប្រតិ​បត្តិ​​ការ​​​ល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាង​យោ​ធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា។

ជាមួយគ្នានេះ ភាគីកងទ័ពចិន គឺ ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិ​ការកងទ័ពជើងគោក នៃតំបន់ភូមិ​ភាគ​​ខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ក៏បានបង្ហាញការរំពឹងដែរថា សមយុទ្ធ នាគមាស​២០២៣ នឹងប្រព្រឹត្ត​ទៅ​ដោយរលូន​​និងទទួលបានជោគជ័យ ។ លោកឧត្តមសេនីយ៍ទោ ចាត់ទុកថាសមយុទ្ធ​​នេះមិន​​ត្រឹមតែចែ​ករំលែកបទពិសោធឲ្យគ្នាទៅ​​វិញ​ទៅមក ប៉ុណ្ណោះទេ សមយុទ្ធនេះ ក៏ ពង្រឹងនិងពង្រីក មិត្តភាពជាប្រពៃណី​ចិន កម្ពុជាឲ្យកាន់តែរីកធំឡើង ជា​ពិសេសកិច្ច​សហប្រតិបត្តិការយោធារវាងប្រទេសទាំង២។

គួរបញ្ជាក់ថា សមយុទ្ធ “នាគមាស-ឆ្នាំ២០២៣” នេះ រៀបចំឡើងដោយមាន ​ពេលវេលារួម នៃលំហាត់សមយុទ្ធមានចំនួន ២០ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែ មីនា ដល់ថ្ងៃទី០៨ ខែមេសា កន្លែងស្នាក់នៅ ពិធីបើក ពិធីបិទ និងលំហាត់ទីបញ្ជាការ និង​លំហាត់​ទីលាន​ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរា​ជអាវុធហត្ថ នៅភូ​មិច្រកកូវ ឃុំពាម ស្រុកសាម​គ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កងកម្លាំងចូលរួមក្នុងលំហាត់សមយុទ្ធសរុបមានជាង៣ពាន់​នាក់ ក្នុងភាគីចិនមានចំនួ​នសរុបជាង២០០នាក់ ភា​គីកម្ពុជាមាន​ចំនួនសរុបជាង២ពាន់៨រយនាក់ ។

កម្ពុជា និងចិន ធា្លប់បានធ្វើសមយុ​ទ្ធ«នាគមាស» រួមគ្នា ចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និង​ឆ្នាំ២០២០ ។ ការអាក់ខានធ្វើនៅឆ្នាំ២០១៧ ដោយសារកម្ពុជាជាប់យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះ​ឆ្នោតក្រុម​ប្រឹក្សាឃុំ សង្កាត់ និងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕ អត្ថបទ៖ សន ពុទ្ធិកា