ក្រ​សួង​​សុខា​​ភិ​​បាល​​ប្រ​កាស​ថា អ្នក​​ជំងឺ​​កូវីដ​១​៩ បា​ន​​ជា​​សះ​​ស្បើយ​ម្នាក់​ទៀត នៅ​​ខេត្ត​ប​ន្ទា​យ​​​មាន​ជ័យ

សង្គម​និង​សេដ្ឋកិច្ច
17 Shares

ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យ បានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០។

អ្នកជំងឺដែលជាសះស្បើយនេះ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យា​បាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង។ បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពី​មន្ទីរពេទ្យ​ខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។

សូមបញ្ជក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អ្នកជំងឺវីរុសកូវីដ-១៩ ដែលបានរក​ឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៤នាក់ ខណៈអ្នក​កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ទៀត គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និងបុរសជន​ជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេសបារាំង៕

17 Shares