ចង់​ក្លាយ​ជា មេដឹកនាំជោគជ័យ ត្រូវ​​ធ្វើ​រឿង​ទាំង​នេះ ជា​មួយ​លោក​ឧកញ៉ា វេជ្ជបណ្ឌិត​ គួច ម៉េងលី

ជុំវិញ​ឧកញ៉ា
698 Shares

ភាពជាអ្នកដឹកនាំ ឬជាមេគេ នៃក្រុមហ៊ុនមួយ មិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការគំាទ្រ ឬសហការល្អពីសមាជិកក្រុម។ ប៉ុន្តែជាទូទៅ នៅកម្ពុជា ជាមេ ជាអ្នកដឹកនាំ គ្រប់គ្រង ជាថ្នាក់លើគេ តែងតែគិតថា ភាពជោគជ័យរបស់ខ្លួន ពុំមែនកើតឡើង ដោយការសហការល្អ ពីថ្នាក់ក្រោម ឬបុគ្គលិកឡើយ។ គេតែងគិតថា អ្វីៗ ដែលជោគជ័យ គឺដោយសារតែគំនិតគេជាមេតែម្នាក់ឯង។ ការគិតបែបនេះ មានទាំងអវិជ្ជមាន និងវិជ្ជមាន។


ចូរចងចាំថា រាល់ភាពជោគជ័យរបស់មេដឹកនាំ គឺដាច់ខាតត្រូវតែមានការគាំទ្រ និងការចូលរួម សហការ យ៉ាងសស្រាក់សស្រាំពីបុគ្គលិកថ្នាក់ក្រោម គ្រប់ស្រទាប់វណ្ណៈ។
ក្នុងនាមជាប្រធានផ្នែក ប្រធានក្រុម ឬជាអ្នកដឹកនាំគេ ក្នុងក្រុមហ៊ុនមួយ មេផ្នែកត្រូវតែមានសកម្មភាពសស្រាក់សស្រាំ ត្រូវតែដឹកនាំ ឱ្យមានកិច្ចសហការល្អរវាងគ្នានិងគ្នា ឬចូលរួមអនុវត្តការងារដោយផ្ទាល់ជាមួយកូនក្រុម ឬបុគ្គលិកក្រោមបង្គាប់ ដើម្បីដឹងពីទុក្ខលំបាក របស់បុគ្គលិក និងទាក់ទាញទឹកចិត្តបុគ្គលិកឱ្យគោរពស្រឡាញ់។ 

នៅពេលបុគ្គលិកគោរព ស្រលាញ់ ពួកគេនឹងបើកចិត្តសហការដោយទូលាយ និងស្មោះត្រង់ ដើម្បីឈានទៅរកភាពជោគជ័យរបស់យើង។
ប៉ុន្តែប្រសិនបើយើងជាថ្នាក់ដឹកនាំ មិនបានដឹកនាំកូនចៅឱ្យបំពេញការងារបាន នោះយើងមិនអាចដឹងពីតម្រូវការរបស់កូនចៅ ហើយកូនចៅនឹងគិតថា យើងចាំតែឈរជ្រែងចង្កេះបង្គាប់បញ្ជាតែប៉ុណ្ណោះ។ គេនឹងមិនសហការល្អជាមួយយើងឡើយ។ ម្យ៉ាងការដឹកនាំបុគ្គលិកឱ្យធ្វើកិច្ចការ ឬអនុវត្តផែនការអ្វីមួយ គឺពិតជាមានសារសំខាន់ណាស់ ព្រោះការរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំជាមួយកូនចៅ គឺជាកម្លាំងចិត្ត គឺជាឱសថដ៏ស័ក្តិសិទ្ធមួយ ដែលជំរុញឱ្យពួកគេមានទឹកចិត្តធ្វើការ មានការសហការគ្នាល្អ ពោរពេញដោយភាពរីករាយ កក់ក្ដៅ ម្ចាស់ការ ហ្មត់ចត់ ព្យាយាម ជាពិសេសគឺមានជំហររឹងមាំក្នុងការបំពេញការងារ។




ដូច្នេះ ជាមេដឹកនាំ បើចង់ឱ្យកូនចៅចូលច្បាំង យើងជាមេ ត្រូវតែកាន់ដាវចូលច្បាំងដែរ ហើយចូលច្បាំងមុនកូនចៅទៅទៀត ទើបមានប្រសិទ្ធភាព ព្រោះសង្គមណាក៏ដូចសង្គមណា ទីណាក៏ដូចទីណាដែរ ដើម្បីក្លាយជាមេទ័ពដ៏មានឥទ្ធិពល មានកិត្យានុភាព 
និងជាគំរូល្អដល់កងទ័ព លុះត្រាតែមេទ័ពនោះ អង់អាចក្លាហាន ខ្លាំងពូកែ មោះមុត មានការទទួលខុសត្រូវខ្ពស់ មានយុទ្ធសាស្រ្តល្អក្នុងការដោះស្រាយ ជាពិសេសត្រូវតែជាមេទ័ពដែលហ៊ានប្រឈមមុខចំពោះបញ្ហា ហ៊ានដឹកនាំកូនចៅចូលច្បាំងដោយពុំខ្លាចស្លាប់ និងពុំមែនជាមេទ័ពដែលចាំតែស្រែកបញ្ជាកូនចៅឱ្យចូល តែខ្លួនឯងរត់ចោលកូននោះទេ។

កាលណាមេទ័ពដឹកនាំកូនចៅចូលសមរភូមិដោយផ្ទាល់ និងនាំមុខកូនចៅចូលច្បាំង នោះកូនចៅនឹងមានកម្លាំងចិត្ត មានទំនុកចិត្ត មានភាពក្លាហាន និងហ៊ានពលីជីវិតក្នុងសមរភូមិថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើមេទ័ពខ្វះភាពក្លាហាន ខ្វះទំនុកចិត្ត រួញរា ឬចាំតែស្រែកបញ្ជាកូនចៅនៅតែពីខាងក្រោយខ្នង នោះប្រាកដណាស់កូនចៅនឹងមិនព្រមសហការទេ ហើយភាពបរាជ័យនឹងចូលមកដល់ ដោយគ្មានថ្ងៃស្គាល់ពាក្យថា “ជោគជ័យ ឬជ័យជម្នះ” ឡើយ៕









ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

698 Shares