បទ”ស្នេហាក្រឡាប់ចាក់” តន់ ច័ន្ទសីម៉ា ចេញ​Full MV​ផ្លូវ​ការ​ហើយ អាច​ផ្ទុះ​ដូច​បទ​”ឡាន​សារ៉េន”

កម្សាន្ត
3 Shares

បទ”ស្នេហាក្រឡាប់ចាក់” បទ​ចម្រៀង​​ថ្មី​របស់​កញ្ញា តន់ ច័ន្ទ​សីម៉ា ដែល​និពន្ធ Melody និង​ទំនុក​ច្រៀង​ដោយ​លោក ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា បាន​ចេញ​Full MV​ផ្លូវ​ការ​ហើយ ម្ចាស់​បទ​បាន​ដាក់​ក្ដី​រំពឹង​ថា បទ​ចម្រៀង​មួយ​បទ​នេះ​អាច​នឹង​​ផ្ទុះ​ដូច​បទ​”ឡាន​សារ៉េន” ត្បិត​អី គ្រាន់​តែ​ចេញ​ភ្លាម មាន​អ្នក​ទស្សនា​រាប់​លាន់​​ដង​ទៅ​ហើយ​។

ពេល​ស្រឡាញ់​ថា​រៀបការ ពេល​សាវា​ទើប​ដឹង​ថា​ស្នេហា​ក្រឡាប់ចាក់” នេះ គឺ​ជា​ឃ្លា​មួយ​នៅ​ក្នុង​បទ​ចម្រៀង​ទើប​ចេញ​ថ្មី​របស់​កញ្ញា តន់ ច័ន្ទ​សីម៉ា ដោយ​បទចម្រៀង​មួយ​បទ​នេះ កំពុង​តែ​វាយ​លុយ​ខ្លាំង​លើ​បណ្ដាញ​សង្គម ដូច​ជា Tik Tok YouTube Facebook ​ជា​ដើម។

ខ្លឹមសារ​​​នៃ​បទ​ចម្រៀង​មួយ​បទ​នេះ បាន​ហែក​អស់​កេរ្តិ៍​​អ្នក​ចូល​ចិត្ត​បង្ហួត​សម្ភារៈ​ល្អៗ​ដាក់គ្នា ហើយ​ចុង​ក្រោយ​ជួប​នឹង​រឿង​ស្នេហា​បែកបាក់​ដែល​យុវវ័យ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​មួយ​ចំនួន​ក៏​ធ្លាប់​ឆ្លង​កាត់​ដែរ។ អ្វី​ដែល​​ជា​ចំណុច​ទាក់​ទាញ​នោះ ​សាច់​ភ្លេង​ក្នុង​បទ​ចម្រៀង អ្នក​និពន្ធ​ បាន​ដាក់​បញ្ចូល​នូវ​ភ្លេង​បុរាណ​ខ្មែរ​ដូច​ជា​ឧបករណ៍​រនៀត និង​ទ្រ​ជា​ដើម អម​ដោយ​ក្បាច់​រាំ​ពុត​ពេន​​ប្លែក​ភ្នែក ឡង់សេ រថយន្ត​ទំនើប​យ៉ាង​ស៊ី​វល័យ។

មុន​​ការ​ចេញ​Full MV​ផ្លូវ​ការ​បទ​ចម្រៀង “ស្នេហា​ក្រឡាប់​ចាក់”​នេះ ក៏​ត្រូវ​បាន​ក្រុម​រាំ Inner ដ៏​ល្បី​មួយ​ក្នុង​ចង្កោម​យុវវ័យ​របស់​ថៃ យក​ទៅ​រាំ Cover ផង​ដែរ ហើយ​មាន​ទស្សនា​រាប់​លាន​ដង ដែល​ចំណុច​នេះ បាន​ជំរុញ​បទ​ចម្រៀង​មួយ​​បទ​នេះ កាន់​តែ​មាន​ប្រជាប្រិយភាព​​កាន​តែ​ខ្លាំង។

តាម​សន្ទុះ​នៃ​ការ​ទស្សនា​​លើ YouTube Facebook ​ ក៏​ដូច​ជា អ្នក​យក​ទៅ​ Cover​លើ​ Tik Tok មហាជន​ បាន​ដាក់​ក្ដី​រំពឹង​​ថា “ស្នេហាក្រឡាប់ចាក់” អាច​​សាង​ប្រវត្តិសាស្ត្រ​មួយ​ទៀត​នៃ​បទ​ចម្រៀង​របស់​ខ្មែរ ពោល​គឺ​វា​នឹង​​ផ្ទុះ​ដូច​បទ​”ឡាន​សារ៉េន” ដែល​នៅ​តែ​ជា​ការ​ពេញ​និយម​នា​ពេល​​បច្ចុប្បន្ន​នេះ៕

3 Shares