មាស សុខសោភា ប្រកាស​ដើរចេញពីផលិតកម្ម ថោន ទាំងអារម្មណ៍តានតឹង

កម្សាន្ត
24 Shares

អ្នកគាំទ្រ និងមហាជនទូទៅ បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពី​តារាចម្រៀង មាស សុខ​សោភា បាន​ប្រកាសនៅ​លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាល​ពី​ម្សិល​មិញ​នេះ ថា នាងបានសម្រេចចិត្ត​ទាំង​តាន​តឹងក្នុងអារម្មណ៍ ដើរចេញពីផលិតកម្ម ថោន ដែល​ជា​ទ្រនំ​ធ្លាប់​ជ្រក​សាង​ភា​ព​ល្បីល្បាញ ក្នុង​វិស័យ​សិល្បៈអស់រយៈពេលជិត១០ឆ្នាំមកហើយ។

មាស សុខសោភា បាន​បញ្ចេញ​សារ​ប្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ដោយ​នាង​បាន​បញ្ជាក់​ថា នេះ​ជា​វេលា​ដ៏​តានតឹង​បំផុត​របស់​នាង។ ” ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​តានតឹង​មួយ​របស់​នាង​ខ្ញុំ ដែល​នាង​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ផលិតកម្ម Town។ អរគុណ​ដល់​បងប្រុស បង​ស្រី​ដែល​បាន​មើល​ថែ​ប្អូន​រយៈ​ពេល ៩​ឆ្នាំ​នេះ អនុស្សាវរីយ៍ និង​អំពើ​ល្អ​របស់​បង​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ប្អូន​ជានិច្ច”។

បន្ថែម​ពី​លើ​នេះ សោភា បាន​ថ្លែង​អរគុណ​ដល់​បណ្តា​ផលិតកម្ម​ទាំង​អស់ ដែល​បាន​ផ្តល់​ឱកាស​ដល់​នាង​នា​ពេល​កន្លងមក ហើយ​បន្ទាប់​ពី​ប្រកាស​ដើរ​ចេញ​ពី​ថោន​នេះ នាង​ក៏​បាន​ប្រកាស​បើក​ចំហ​សម្រាប់​ការ​សហការ​ផលិត​បទ​ចម្រៀង ពី​បណ្តា​ផលិតកម្ម​ទាំង​អស់​ដូច​គ្នា ជាមួយ​នឹង​ការ​តាំង​ចិត្ត​ថា នឹង​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​នូវ​បទ​ចម្រៀង​ថ្មីៗ ដើម្បី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច។ដំណឹង​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ក្នុង​ចង្កោម​អ្នក​គាំទ្រ​របស់​នាង ខណៈ​ដំណឹង​ចង់​ចាក​ចេញ​ពី​ថោន​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ខណៈ​នាង​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ផលិតកម្ម​មួយ​ផ្សេង​ទៀត។

បែប​នេះ​ក្ដី តាម​ប្រភព​មួយ​ពី​ក្នុង​ផលិតកម្ម​ថោន បាន​បង្ហើប​ថា អ្វី​ៗ​មិន​ទាន់​ផ្លូវ​ការ​នៅ​ឡើយ ហើយ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​តារា​ចម្រៀង​ស្រី បាន​ប្រកាស​ដូច្នេះ ពោល​គឺ​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​បន្ទាប់​ពី​ការ​សម្រុះសម្រួល​គ្នា​រវាង​ភាគី​តារា​ចម្រៀង និង​ផលិតផល​ឈាន​ដល់​ព្រមព្រៀង​គ្នា នាង​​បន្ត​នៅ​ដដែល។

ដោយ​ឡែកលោក មាស សុខរតនៈ ជាបងប្រុសបង្កើត​វិញ​ បានថ្លែងប្រាប់ ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា រូប​លោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម ថោន ជាមួយនឹងប្អូនស្រី ដោយ​សារតែ​ដល់​ថ្ងៃ​កំណត់ បញ្ចប់​កិច្ចសន្យា​ជា​មួយនឹងផលិតកម្ម។ ម្យ៉ាងវិញទៀត លោក និង​ប្អូនស្រី​ក៏ត្រូវមើល​ការខុស​ត្រូវ មុខជំនួញរកស៊ីរបស់ខ្លួនផងដែរ ទើបសម្រេចចិត្តចាកចេញ ដោយមិន​បន្តកិច្ចសន្យា​ទៀត​ឡើយ។

តារាចម្រៀង មាស សុខសោភា មួយរយៈធំចុងក្រោយនេះ នាងហាក់ដូចជាមិន​មាន​សកម្មភាព​សិល្បៈខ្លាំង ចេញបទច្រៀងច្រើនក្នុងផលិតកម្ម ដូចពីពេលមុននោះទេ ព្រោះ​តែនាង​មាន​ភារកិច្ច ​រវល់ជាប់មើលថែរក្សាប្ដីរបស់នាង ដែលមានជំងឺ ស្របពេលជំងឺកូវីដ១៩វាយ​លុក​នៅ​ក្នុង​ប្រទេសកម្ពុជា និងសកលលោក។ យ៉ាងណាមិញ ខណៈដែលនាង ជាតារាចម្រៀងប្រចាំ​ក្នុង​ផលិតកម្ម ថោន មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយទៀតដែរ គឺផលិតកម្ម «Camtrax» ដែល​មាន​ស្វាមីរបស់នាង គឺលោក អ៊ឹត រ៉ាដា ​ជា​អ្នក​គ្រប់គ្រង។

តាមប្រភពព័ត៌មានឮល្ហិចល្ហៀងពីអ្នកសិល្បៈ​ដូចគ្នា បានបង្ហើបថា តារាចម្រៀង មាស សុខសោភា បន្ទាប់​ពី​ដើរចេញពីផលិតកម្ម ថោន នាងអាចនឹងដឹកដៃបងប្រុសរបស់ខ្លូន ចូលក្នុងផលិតកម្ម រស្មី​ហង្សមាស​ ប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងការពិចារណា និងចរចាគ្នាសិន។

ប្រសិន​បើ​ជា​ការ​ពិត​មែន​នោះ វា​ជា​ការ​ចាក់​ចេញ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​មហា​ហាល​មួយ​របស់​ផលិតកម្ម​ថោន។ សម្រាប់​ផលិតកម្ម​ថោន ថ្មីៗ​នេះ លោក ខេម ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ក៏​បាន​ចាក់​ចេញ​ពី​ទ្រនំ​នេះ​ដូច​គ្នា ដោយ​លោក​បាន​ចូល​​នៅ​ផលិតកម្ម Galaxy Navatra របស់​​លោក​ឧកញ៉ា វ័យ​ក្មេង ឡេង ណាវ៉ាត្រា​ផង​ដែរ៕

24 Shares