អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​តាខ្មៅ របស់​អ្នកឧកញ៉ា ពុង ឃាវសែ ដែល​វិនិយោគ​ជាង​​ ១,៥០០​លានដុល្លារ គ្រោង​សាងសង់​អាច​នឹងរួចរាល់នៅឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច



នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិត​នៅ​ឃុំ ព្រែក​ស្លែង ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដីទំហំប្រមាណ ២,៦០០ហិកតា ក្រោម​ទុន​វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០​លាន​ដុល្លារ​ ហើយ នឹង​សាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣​ ខាង​មុខ​នេះ។

ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរចេញចូលប្រទេសកម្ពុជា និងបង្កើនសមត្ថភាពក្នុងការទទួលវត្ត​មានយន្តហោះនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ​មួយកន្លែងថ្មីទៀត លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុង ក្រុង តាខ្មៅ និង ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល និង​ដី​ខ្លះ​ស្ថិត​នៅ ក្នុង​ស្រុក បាទី ខេត្ត តាកែវ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុង​ដំណើរ​ទស្សន​កិច្ច​របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីចុះ​ហត្ថលេខាគ​ម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែល​ជាអ្នកទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ធ្លាប់បានបញ្ជាក់ថា ការសាង​សង់អាច​នឹងរួចរាល់នៅឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១,៥០០លានដុល្លារ។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ធ្លាប់បានអះអាងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ សម្រេច​បាន​ប្រមាណ ៣០ភាគរយហើយ។ លោកបានបញ្ជាក់ទៀតថា តាម​ការគ្រោង​ទុក​វត្ត​មាន​អាកាស​យានដ្ឋាន​អន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយ​អាច​ទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០៕

Loading...