ចង់​ដឹង​ផ្លូវ​​ជាតិ​​៥១ ចំណាយ​ថវិកា​អស់​ប៉ុន្មាន​ទេ?

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ក្នុង​របាយការណ៍​មួយ​ក្នុង​​ឧកាស​មួយ​ដែល​ឯកឧត្តមរដ្ឋលេខាធិការ ខាន់ ម៉ា​ណេរ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាព ផ្លូវ​មួយ​នេះ កាល​ពី​ថ្ងៃ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្តកំពង់ស្ពឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​​អញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ ដោយមានការអញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមហ៊ុនសា​ជីវ​កម្មស្ពានថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។

ថ្លែងក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិ​សេស​ទាក់ទងនឹងគុណភាព និង បច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញា​ចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការ ចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់​ការសាងសង់កំណាត់ផ្លូវនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនថា៖ ក្រសួងប្រគល់ផ្លូវនេះ​ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យយើងមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

ឯកឧត្ដមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួងដែលបានខិតខំប្រឹង​ប្រែងបំពេញការងារសាង សង់ឱ្យមានគុណភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។

សូមជម្រាបជូនថា៖ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បើកការដ្ឋាន​សាង​សង់​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបាន ប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕

អត្ថបទ​នឹង​រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន