ត្រៀមទូក៧០ទូក សម្រាប់ទេសចរ ទៅលេងតាមដងស្ទឹងសៀមរាប

សង្គម​និង​សេដ្ឋកិច្ច
17 Shares

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ដសៀមរាប បានត្រៀមទុកទូករួចជាស្រេចសម្រាប់ទេសចរណ៍ទៅកំសាន្ដនៅថ្ងៃឈប់សម្រាកនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់អ្នកទេសចរណ៍។

លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ទូកចំនួន៧០ទូកនេះ ចែកចេញជាបីប្រភេទ ទី១ ទូកជិះកំសាន្ដចំណុះចំនួន៤នាក់, ទី២ ទូកជិះកំសាន្ដចំណុះ១នាក់ ដែលអាចជិះកំសាន្ដទាំងពេលព្រឹក និងពេលល្ងាច ដែលចេញពីចំណុចស្ពានថ្មព្រះរាជដំណាក់ ឆ្ពោះទៅដល់ស្ពានថ្មវត្ដបូព៌ រួចហើយត្រឡប់មកកន្លែងដើមវិញ ក្នុងតំលៃមួយទាប និងទី៣ ទូកសម្រាប់ផ្សារទឹក ដែលនៅលើទូកនោះមានលក់ចំណីអាហារជាអ្នកសៀមរាបទាំងអស់ ។ លោកបានបន្ថែមថា ថវិកាថ្លៃជិះទូកគឺចូលទៅសមាគមទូកវិញ ដើម្បីអោយសមាគមពួកគាត់មានប្រាក់ចំណូល ក្នុងឱថ្ងៃដែលមិនមានភ្ញៀវទេសចរណ៍ដោយសារខូវីដ-១៩។ លោកបានបញ្ជាក់ទៀតថា ក្រៅពីជិះទូកកំសាន្ដនៅដងស្ទឹងសៀមរាប ស.ស.យ.ក បានរៀបចំស្ដង់ម្ហូបអាហារ រៀបចំក្រុមសិល្បៈបុរាណសម្ដែងអោយភ្ញៀវទេសចរណ៍កំសាន្ដទាំងពេលរាត្រី និងពេលថ្ងៃផងដែរ។បើទោះបីមានការបើកអោយភ្ញៀវទស្សនាកំសាន្ដដ៏ច្រើនសន្ធឹកសន្ធាប់ក្ដី សសយកត្រៀមអនុវត្ដអនាម័យ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ។

បើតាម ឯកឧត្តម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្ប៉តផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជម្រុញឲ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ។ ឯកឧត្តមអភិបាលខេត្ត ក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្ត នឹងទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និងធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវិដ-១៩នេះ។

កម្មវិធីដែលត្រៀមរៀបចំសម្រាប់កំសាន្ដ រួមមាន: ១- កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២- កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២, ៣- កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, ៤- ផ្សារទឹក, ៥- ផាប់ស្ទ្រីត, ៦- កម្មវិធីជិះកង់, ៧- កម្មវិធីជិះទូកកំសាន្ត, ៨-កម្មវិធីកីឡាវាយកូនហ្គោល, ៩- កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន, ១០- ផ្ទាំងទស្សនីយភាពសិល្បៈ៕

អត្ថបទ និងរូបភាព: លោកបូ សាវី

17 Shares