ព្រាប សុវត្ថិ ទម្លាយ​មូលហេតុ​ចេញ​​ពី​​ហង្ស​​មាស​​ចូល​មក​Galaxy​​Navatra

កម្សាន្ត
105 Shares

រួម​រស់​ជាមួយ​ផលិតកម្ម​ហង្សមាស​ជាង​ ២៣ ឆ្នាំ​ និង​ការ​សម្រេច​ចិត្ត​ចាក​ចេញ​​មក​រួម​ទ្រនំ​ថ្មី​​ជាមួយ​​ផលិត​កម្ម​ចម្រៀង​របស់​សេដ្ឋី​ឡេង ណាវ៉ាត្រា លោក​ព្រាប សុវត្ថិ​ប្រាប់​ថា ការ​ចាក​ចេញ​នៅ​ពេល​នេះ​គឺ​ពោរពេញ​ដោយ​ស្នាម​ញញឹម ជា​ការ​បែក​គ្នា​មើល​ឃើញ​គ្នា និង​​មិន​អាច​បំភ្លេច​គ្នា មិន​មែន​រឿង​ រឿង​​ភ្នំ​មួយ មិន​អាច​មាន​ខ្លា​ពីរ ឬ កញ្ចប់​ប្រាក់ រាប់​សិច​ម៉ឺន​ដុល្លារ​នោះ​ឡើយ ការ​ចាក​ចេញ​នេះ គឺ​ដើម្បី​សម្រេច​គោលដៅ ស្វែង​រក​បទ​ពិសោធន៍​ថ្មី​លើ​វិថី​សិល្បៈ​ប៉ុណ្ណោះ។

ការ​បង្ហាញ​ហេតុផល​ទាំង​អស់នេះ គឺ​ក្នុង​ឱកាស​ដែល​ផលិតកម្ម​ថ្មី បាន​ធ្វើ​ពិធី​បង្ហាញមុខ​តារាច​ម្រៀង ព្រាប សុវត្ថិ ជា​ផ្លូវការ​នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Gardan City ជិត​វិមាន​ឈ្នះ​ឈ្នះ​។ កំពូល​តារា​ចម្រៀង​​ប្រចាំ​ប្រទេស​ប្រាប់​ថា ២៣ ឆ្នាំ​ មក​នេះ​ លោក​ទទួល​បាន​ការ​គាំទ្រ​ មាន​មុខមាត់​ មាន​កិត្តិយស​ក៏​​ដោយសារ​តែ​ហង្សមាស។ លោក​មិន​គិត​ថា​ ចង់​ចាកចេញ​ពី​ហ្សងមាស និង​មិត្ត​រួម​ការងារ​ដែល​បាន​តស៊ូ​រួម​ដំណើរ​ជាមួយ​គ្នា​​​ជាច្រើន​ឆ្នាំ​ តែ​ពេល​នេះ​ដល់​ពេល​លោក​ត្រូវ​ចាកចេញ ដើម្បី​សម្រេច​គោលដៅ ស្វែង​រក​បទ​ពិសោធន៍​ថ្មី​លើ​វិថី​សិល្បៈ។

លោក​ថា លោក​បាន​កាន់​ដៃ​បណ្ដើរ​គ្នា​ជាមួយ​ហង្ស​មាស​ពី​ឆ្នាំ​១៩៩៧ គឺ​ជាង ២៣ ឆ្នាំ​នេះ មាន​តែ​ស្នាម​ញញឹម និង​ជោគជ័យ​ជាមួយ​គ្នា។ មក​ដល់​ឆ្នាំ ២០២០ គឺ​លោក​មាន​គោលដៅ​មួយ​សម្រាប់​ជីវិត។ គោលដៅ​នេះ​ជា​អ្វី​លោក​ចង់​បាន និង​ក៏​ស្រប​តាម​ចំណង់​ចំណូល​ចិត្ត​របស់​លោក​ផង​ដែរ។

ទទឹម​គ្នា​នោះ​ផង​ដែរ លោក​អរគុណ​ដល់​ថ្នាក់​គ្រប់គ្រង​របស់​ហង្ស​មាស លោក​ថា ការ​លា​គ្នា​នៅ​ពេល​នេះ​ជា​ការ​បែក​គ្នា​ដោយ​មើល​ឃើញ ហើយ​លោក​នឹង​នៅ​តែ​បន្ត​រាប់​អាន​ និង​ទំនាក់ទំនង​គ្នា​គ្មាន​ថ្ងៃ​ប្រែប្រួល​នោះ​​ទេ។

លោក​បន្ថែម​ថា ការ​ចាកចេញ​នេះ​ក៏​មិន​ទាក់ទង​ទៅ​កាច់​កុង​គ្នា​ក្នុង​ក្រុមហ៊ុន​​ រួម​ទាំង​ការ​ផ្ដល់​កញ្ចប់​លុយ​ពិសេស​ណាមួយ​ពី​ក្រុមហ៊ុន​ថ្មី ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ចាកចេញ​។ មាន​ការ​​​លើក​ឡើង​ថា ការ​ចេញ​ពី​ទ្រនំ ហង្ស​មាស មក​ចូល​ក្នុង​ផលិតកម្ម​Galaxy Navatra របស់​សេដ្ឋី​ឡេង ណាវ៉ាត្រា តារា​ចម្រៀង​រូប​នេះ បាន​ទទួល​​កញ្ចប់​៣០ម៉ឺន​ដុល្លារ ជា​មួយ​នឹង​ប្រាក់​ខែ ប្រចាំ​ខែ​៨ពាន់​ដុល្លារ​ក្នុង​១ខែ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន តារា​កំពូល​តារា​ចម្រៀង​រូប​នេះ ក៏​ដូច​ជា លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ច្រាន​ចោល ដោយ​អ្នក​ទាំង​ពីរ​បញ្ជាក់​ស្រដៀង​គ្នា​ថា ធ្វើ​ឡើង​ដោយ​​បេះ​ដូង ដើម្បី​ស្វែង​រក​​បទពិសោធន៍​ថ្មី​ ដោយ​ការ​រាប់អាន ​មាន​ឆន្ទៈ​ជាមួយ​សិល្បៈ​ពិតប្រាកដ​ ធ្វើ​ការងារ​ដោយ​សប្បាយចិត្ត​រួម​ដំណើរ​ជាមួយ​គ្នា ជោគជ័យ​ជា​មួយ​គ្នា។

លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា ដោយសារតែ​លោក​ជា​មនុស្ស​​ម្នាក់​ស្រលាញ់​សិល្បៈ ចង់​ធ្វើ​ជា តារា​ចម្រៀង ប៉ុន្តែ​​លោក​ឧកញ៉ា​ច្រៀង មិន​ពីរោះ ទើប​លោក​ខិតខំ បង្កើត​ផលិតកម្ម​មួយ​នេះ​ឡើង។ ជា​មធ្យម​​ឧកញ៉ា​តែង​តែ​ដក​ប្រាក់​​ចំណេញ​ពី​វិស័យ​អចលនទ្រព្យ​ពី​​២០ ទៅ៣០% មក​វិនិយោគ​លើ សិល្បៈ​នេះ។ សេដ្ឋី​វ័យក្មេង​កំពុង​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​បន្ត​ថា ផលិតកម្ម​Galaxy Navatra មាន​គោល​ដី​វែង​ឆ្ងាយ មិនមែន​តែ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​មួយ​មុខ​ឡើយ គឺ​លោក​ចង់​​បង្ហាញ​ស្នាដៃ របស់​​កូន​ខ្មែរ ដល់​ប្រទេស​ជិត​ខាង​ក៏​ដូច​ជា សកល​លោក​ឯណោះ ប៉ុន្តែ​ថា ផែន​ការ​នោះ​ធ្វើ​បាន​កម្រិត​ណា​នោះ លោក​មិន​ទាន់​សន្យា​នោះ​ទេ តែ​គ្រប់​គ្នា​នឹង​ខំប្រឹង​ឲ្យ​អស់​សមត្ថភាព៕

ព្រាប សុវត្ថិ ទម្លាយ​មូលហេតុ​ចេញ​​ពី​​ហង្ស​​មាស​​ចូល​មក​Galaxy​​Navatra
105 Shares