ទីបំផុតជម្លោះរវាងផលិតកម្មថោន និងតារាចម្រៀង ខេម ត្រូវបានបញ្ចប់

កម្សាន្ត
17 Shares

នៅទីបំផុតជម្លោះរវាងផលិតកម្មថោន ជាមួយតារាចម្រៀង ខេម ដែលបានអូសបន្លាយរយៈពេលប៉ុន្មានថ្ងៃមកនេះ និងកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍គ្រប់គ្នានោះ ត្រូវបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រមបញ្ចប់ជម្លោះ បញ្ឈប់ការវាយប្រហារគ្នា បន្តរាប់អានគ្នាជាបងប្អូនខ្មែរតែមួយ។

លោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ថា ភាគីទាំងសងខាង (ផលិតកម្មថោន និងតារាចម្រៀងខេម) បានយល់ព្រមលុបចោលអ្វីដែលបានបង្ហោះរាងខ្លួន និងអធ្យាស្រ័យគ្នាទៅវិញទៅមក និងបន្តការរាប់អានគ្នាទៅមុខទៀត។

លោកបន្តថា «បន្ទាប់ពីចំណាយពេលជាង៣ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន និង តារាចម្រៀង ខេម។ ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព»។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ផលិតកម្មទីក្រុងភាពយន្ត «ថោន» បានចេញសេចក្ដីជូនដំណឹងដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដើម្បីអញ្ជើញតារាចម្រៀង លោក ប៉ុន សុណារិន ហៅ ខេម ឲ្យខ្លួនមកផលិតកម្ម ក្នុងន័យបំភ្លឺលើកិច្ចសន្យាដែលផលិតកម្មអះអាងថា មិនទាន់ត្រូវបានបញ្ចប់ ហើយបានចេញបទចម្រៀង នៅក្នុងផលិតកម្មផ្សេង។ យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ភាគីទាំងសងខាង បានទទួលដំណោះស្រាយមួយដ៏សមប្រកបហើយ ក្រោមការជួយអន្តរាគមន៍ពីលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម៕

ប្រភព៖ Fresh News Plus

ទីបំផុតជម្លោះរវាងផលិតកម្មថោន និងតារាចម្រៀង ខេម ត្រូវបានបញ្ចប់
17 Shares