ចង់​ឈ្នះ​ឧបសគ្គ អាច​សាក​ល្បង​​អនុវត្ត​​ចំណុច​ទាំង​នេះ​បាន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
692 Shares

ឧបសគ្គ ជាកម្មវត្ថុ ដ៏ស្មុគស្មាញមួយ ដែលតែងតែរារាំងមិនឱ្យយើងឈានទៅដល់គោលដៅ នៃ​ភាព​ជោគជ័យបាន។ ឧបសគ្គ ពេលខ្លះគ្មានរូបរាងទេ ជាស្រមោលក៏មិនមែន​តែជាអ្វី ដែលកើតឡើង​ដោយ​គ្មានការព្រាងទុក។

ឧទាហរណ៍ថា ពេលយើងកំពុងតែធ្វើការ ឬរកស៊ីសុខៗ ស្រាប់តែគេប្រាប់ថា កិច្ចសន្យាការងារ ឬ​កិច្ចសន្យាភាគហ៊ុននោះ ត្រូវបានលប់ចោល ឬពេលខ្លះ ទំនិញ ដែលយើង​បញ្ជាទិញ​ពីក្រៅប្រទេស មកឱ្យអតិថិជន តាមកំណត់ ត្រូវបានគេប្រាប់ថា លើកពេលមួយសប្តាហ៍ ធ្វើឱ្យអតិថិជនយើង ថ្នាំង​ថ្នាក់ចិត្ត និងខឹងសម្បារ និងជួនកាលគេប្តឹងទារសំណង ព្រោះតែយើងមិនគោរពតាមសន្យា ហើយ​ការលប់ចោលកិច្ចសន្យា ការខកខានទំនិញនេះ ធ្វើឱ្យប៉ះពាលដល់ឥទ្ធិពល ប្រសិទ្ធការងារ អាជីវ​កម្ម ឬដំណើរការរបស់ក្រុមហ៊ុនយើង។

ប្រសិនបើយើង ជួបបញ្ហា ឬឧបសគ្គ ដោយគ្រាន់តែគេបញ្ចប់កិច្ចសន្យាការងារ កិច្ចសន្យាបណ្តាក់​ទុន ឬ​កិច្ចសន្យាលក់ ទិញបែបនេះ យើងបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត អស់សង្ឃឹម យើងស្លុត បាក់ស្មារតី និងខ្លាចឧបសគ្គ រហូតមិនអាចធ្វើអ្វីបាន នោះយើងមិនអាចឈានទៅដល់ទីលាន នៃភាពជោគជ័យ​បានទេ ទោះវានៅកៀកបង្កើយពីយើងក៏ដោយ។ ដូច្នេះសរុបសេចក្តីមក ចូរយើងកុំខ្លាចឧបសគ្គ ត្រូវ​តែ​ហ៊ានច្បាំង ត្រូវតែប្រយុទ្ធ ត្រូវតែតស៊ូ ត្រូវតែពុះពារ ព្យាយាម អត់ធ្មត់ ជាមួយឧបសគ្គឱ្យបាន ព្រោះជីវិតមនុស្សកើតមក គ្មាននរណាម្នាក់មិនធ្លាប់ជួបឧបសគ្គ ឬជោគជ័យ ឬល្អឥតខ្ចោះ​រហូត​នោះ​ទេ។ បុគ្គលណាក៏ធ្លាប់ជួបឧបសគ្គ និងបញ្ហាដែរ គ្រាន់តែតិច ឬច្រើន។ដូចនេះ ដើម្បីជោគជ័យ ត្រូវតែ​តស៊ូ​ អត់ធ្មត់ កុំបោះបង់ កុំចុះញ៉ម កុំបាក់ទឹកចិត្ត ត្រូវតែជម្នះឧបសគ្គឱ្យបាន។


ការមិនចុះញ៉មនឹងឧបសគ្គ គឺរមែងធ្វើឱ្យយើងមានអនាគតភ្លឺស្វាង ជោគជ័យគ្រប់កិច្ចការ ទាំង​ការរកស៊ី ការសិក្សារៀនសូត្រ និងការបំពេញការងារ​ជាពិសេសយើងនឹង​មិនក្លាយ​ជាមនុស្ស​ធ្លាក់​ក្រោម​ឥទ្ធិពល នៃការបរាជ័យឡើយ។ ចូរគប្បីរិះរកគ្រប់វិធី គ្រប់មធ្យោបាយ ប្រកបដោយភាពឆ្លាតវៃ ដើម្បីដោះស្រាយ និងត្រូវតែដោះស្រាយ ប្រកបដោយទំនុកចិត្ត ទំនួលខុសត្រូវខ្ពស់សេចក្ដីក្លាហាន មោះមុត និងម្ចាស់ការ។ ចូរចងចាំថា លើលោកនេះ គ្មានអ្វី ដែលថាមិនអាចទៅរួចនោះទេ មានតែពាក្យថា មិនអាចទេ ដែលធ្វើឱ្យយើងមិនអាច៕



ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

692 Shares